ជំនន់ទឹកភ្លៀង១ឈុល ហូរកាត់ផ្លូវនៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ អាជ្ញាធខេត្តកំពុងរកដំណោះស្រាយបន្ទាន់

ខេត្តបន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង១ឈុលកាលពីល្ងាចថ្ងៃទី១៥និងព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានហូរកាត់ផ្លូវនៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលទើបសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចប់ ហើយប្រែទៅជាការអភិវឌ្ឍន៍នោះ ។

នាថ្ងៃត្រង់ដល់រសៀលថ្ងៃទី១៦ ខែកក្កដា មន្ត្រីថ្នាក់ដឹកនាំនិងក្រុមការងារជាច្រើននាក់ដែលទៅបំពេញការងារបន្តនៅតំបន់នោះផង ក៏ឆ្លៀតដោះស្រាយជាបន្ទាន់ហើយ ។

មន្ត្រីថ្នាក់ដឹកនាំ នោះរួមមានលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាុយមានជ័យ អមដំណើដោយលោក លី សារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ ។


មន្ត្រីបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង១ឈុល ដែលកំពុងជន់កាត់ផ្លូវនៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ហើយធ្វើការវាយតំលៃប៉ាន់ប្រមាណពីស្ថានភាពធារទឹកភ្លៀង ផ្ទៃរងទឹកភ្លៀង និងកម្លាំងទឹកហូរនារដូវភ្លៀងធ្លាក់ផង បូកនិងទឹកជំនន់ពីភូមិសាស្ត្រតំបន់ខ្ពស់ផ្សេងៗដែលហូរចាក់មកផង ។

ពោលគឺដើម្បីធ្វើផែនការ រកយុទ្ធវិធីរំដោះទឹកកុំឲ្យមានការជន់លិចភូមិដ្ឋានពលរដ្ឋ ក៏ដូចហេដ្ឋរចនាសម្ព័ន្ធនានាទាំងរបស់សាធាណៈ ទាំងរបស់ឯកជន។


និងអាចអញ្ជើញមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធទៅសិក្សាដើម្បីបង្វែរ បញ្ជៀសទឹកជំនន់ ប៉ុន្តែក៏ទាញទឹកមកទុកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដោះស្រាយជីវភាពពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។

សូមរំលឹកដែរថា មកទល់ពេលនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម និងភាគីកូរ៉េខាងត្បូងបាននឹងកំពុងសិក្សា អនុវត្ត ដោះស្រាយផលប៉ះពាល់គម្រោងអភិវៃ្ឃន៍ប្រព័ន្ធធារាសាស្ត្រប៉ែកខាងលិចខេត្តបន្ទាយមានជ័យ។

ក្នុងនោះមាន ៖
ទី១/ អាងពង្រ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ (ជិតតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោរឈ្នះឈ្នះ នេះ និងតំបន់ប្រជុំកូនភ្នំយាយសំ ឬភ្នំមេល័យ ) ផងដែរ ។
ទី២ / អាងអូរវាំងហាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
និងទី៣/ អាងកន្សែងឃំសឹង្ហស្រុកអូរជ្រៅ ៕

អត្ថបទដែលជាប់ទាក់ទង