ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុម​សម្តេចក្រឡាហោមមនុស្សធម៌ខេត្ត

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុម​សម្តេចក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបង ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ចំនួន ៦៤គ្រួសារ ក្នុងឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០គ.ក មី ១កេសតូច ត្រីខ ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៥យួរ ម៉ាស និងអាកុល ផងដែរ ។


លោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា៖ នៅរសៀលល្ងាចនិងយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមានទឹកជំនន់ និងរងផលប៉ះពាល់ លើ ៤ឃុំ ក្នុងស្រុកភ្នំព្រឹក ហើយភូមិដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺភូមិអូរធំ ឃុំភ្នំព្រឹក ភូមិអូរជ្រៃ មួយចំនួនក្នុងឃុំបារាំងធ្លាក់ ព្រមទាំងឃុំបួរ និងក្នុងឃុំពេជ្រចិន្តាផងដែរ សរុប ១០៨គ្រួសារ ព្រមទាំងរង​ផលប៉ះពាល់លើដំណាំ ពោត និងដំឡូងមី លើផ្ទៃដីចំនួន ជិត៥០០ហិកតា ព្រមទាំងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគ្រួសក្រហម ១ ខ្សែ ក្នុងឃុំបួរ ដោយទឹកបានហូរច្រោះកាត់ដាច់ផ្លូវ និងខូចលូកាត់ផ្លូវ ២កន្លែងផងដែរ ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ គណៈកម្មការគ្រោះមហន្តរាយ និងក្រុមការងារឆ្លើយតបគ្រប់ស្រុក ជាពិសេសស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រុក្ខគីរី និងស្រុកមោងឬស្សី ត្រូវត្រួតពិនិត្យមើលទូកម៉ាស៊ីនដែលសម្តេចបានប្រគល់ឲ្យ ដើម្បីត្រៀមបង្ការទុក ក្រែងមានគ្រោះធម្មជាតិ កើតឡើងដោយចៃដន្យ យើងអាចដំណើរការជួយសង្ក្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រោះយើងបានទទួលបទពិសោធន៍កន្លងរួចមកហើយ។


ឯកឧត្តម បានមានប្រសាសន៍ថា នៅចំពោះមុខ វិធានការដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គឺពង្រឹង អនាម័យ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត នូវវិធានការរបស់ក្រួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល គឺ ៣ ការពារ មាន៖ -១.ពាក់ម៉ាស់ -២.លាងដៃ -៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង ៣ កុំ មាន៖ -១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល -២.កុំទៅកន្លែងមនុស្សច្រើនកុះករ -៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម និង ២ ចូលរួម ដើម្បីទបស្កាត់ជម្ងឺកូវីដ-១៩ ទាំងអស់គ្នា កុំឲ្យជ្រាតចូលសហគមន៍៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង