ថ្នាក់ដឹកនាំខេត្ត នាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ទាំង ២កន្លែង ស្ថិតនៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជម្ងឺកូវីដ-១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាសម្ភារៈ និងភេសជ្ជៈ របស់រដ្ឋបាលខេត្ត ប្រគល់ជូនក្រុមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យមេគង្គ និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គួររំលឹកថា បន្ទាប់ពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចយកអតីតសណ្ឋាគារមេគង្គ ប្រែក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតធ្ងន់។ រីឯ វិទ្យាល័យព្រះសីហនុ ធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតស្រាល។ បច្ចុប្បន្ន មណ្ឌលព្យាបាលជម្ងឺទាំង ២កន្លែង នេះ កំពុងទទួលការព្យាបាលអ្នកជម្ងឺ យ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ស្របពេលទៅនឹងជម្ងឺ ដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃនោះ។

គួរបញ្ចាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹក ក្នុងការបំពេញភារកិច្ច ព្យាបាលជម្ងឺកូវីដ.១៩ ជូនប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាល ជារៀងរាល់ថ្ងៃ ទើបថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ.១៩ បានផ្ដល់អំណោយ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ ដោយក្នុងមួយមន្ទីរពេទ្យ ទទួលបាន ៖ ទឹកក្រូចចំនួន ២៥កេស ជែលលាងដៃចំនួន ៥កេស និងម៉ាស ចំនួន ១៥.០០០ម៉ាស។

ដោយឡែក ជាមួយនឹងការនាំអំណោយផ្ដល់ជូនមន្ទីរពេទ្យទាំង ២កន្លែង ខាងលើ នៅក្នុងឱកាស ថ្ងៃដដែលនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារច្រាំងទន្លេ នៅចំណុចខាងមុខមន្ទីរពេទ្យមេគង្គ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបច្ចុប្បន្ននេះ ក្រុមជាងកំពុងមមាញឹក ដើម្បីធ្វើការជួសជុលកែលម្អ ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយសារទឹកជំនន់ កាលពីឆ្នាំកន្លងទៅនោះ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម




