រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីបន់ស្រន់សុំសេចក្តីសុខ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យជំងឺកូវីដ១៩ (Covid-19) បវៀសជាសឆ្ងាយ និងឆាប់ផុតរលត់ ពីខេត្តពោធិ៍សាត់ ខណៈដែលបច្ចុប្បន្នជំងឺនេះកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំង នៅទូទាំងប្រទេស និងនៅលើពិភពលោក។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់


