លោកជំទាវ ឱ វណ្ណឌីន បានផ្តាំផ្ញើដល់ក្រុមអគតិមួយចំនួន ជាពិសេសក្រុមពួកប្រឆាំង បើពួកផងខ្លួនមិនបានជួយអ្វីទេ សូមកុំយកជើងរាទឹក និងកុំរំខានក្នុងការព្យាបាលជំងឺមេរោគកូវីដ-១៩ នៅប្រទេសកម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានបញ្ជាក់ពីគុណតម្លៃថ្នាំបុរាណចិន «LIANHAU GINGWEN» ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបណ្តាប្រទេសមួយចំនួនក៏បានយកឱសថនេះទៅប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែរ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់ក្រុមអគតិមួយចំនួន ជាពិសេសក្រុមពួកឈ្មួញកណ្តាលរកស៊ី និងពួកប្រឆាំង ដែលតែងតែលើកឡើងអំពីថ្នាំវ៉ាក់សាំង និងឱសថបូរាណចិន ក្នុងការការព្យាបាលមេរោគកូវីដ-១៩ នៅប្រទេសកម្ពុជានោះថា បើពួកផងខ្លួនមិនបានជួយអ្វីទេ សូមកុំយកជើងរាទឹក និងកុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើអ្វី ខណៈដែលពួកអគតិទាំងនោះលើកឡើងនាពេលកន្លងទៅភាគច្រើនដូចពាក់វ៉ែនតាខ្មៅ មើលមិនឃើញអ្វីទាល់តែសោះនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ឱសថ LIANHAU GINGWENនេះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០០៣ នៅពេលដែលមានការផ្ទុះឡើងនូវជំងឺសា និងជំងឺគ្រុនផ្តាសសាយបក្សីH1N1 ដើម្បីព្យាបាលអ្នកជំងឺ ដែលមានបញ្ហារលាកផ្លូវដង្ហើម។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ការប្រើប្រាស់ឱសថបុរាណចិនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ ហើយការប្រើឱសថនេះ ជាវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ដោយមានការគិតពិចារណាខ្ពស់ មិនមែនជាការប្រើប្រាស់ប្រថុយប្រថាន ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។ លោកជំទាវវេជ្ជបណ្ឌិតបន្តទៀតថា ឱសថបុរាណចិន Lianhua Qingwen ត្រូវបានអះអាង ដោយក្រុមហ៊ុនឱសថបុរាណចិនថា មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ ហើយឱសថនេះអាចជួយសម្រាលរោគសញ្ញាដូចជាក្ដៅខ្លួន, ក្អក, ផ្ដាសសាយ, ឈឺបំពង់ក, តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ និងជួយដល់ផ្លូវដង្ហើម ជួយដល់ស្ថានភាពជំងឺផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តទៅរកការជាសះ ស្បើយ។
លោកជំទាវបញ្ជាក់ថា « ឱសថនេះមិនមែនជាឱសថដែលគេដាក់ថា សម្រាប់ទៅសម្លាប់ វីរុសកូវីដ-១៩នោះទេ ឬអាចនិយាយមួយទៀតថា ជាឱសថសម្រាប់យកទៅព្យាបាលជាកូវីដ-១៩ ទេ ក៏ប៉ុន្តែវាជាប្រភេទឱសថបុរាណចិន ដែលវាជួយសម្រាលនូវរោគសញ្ញា ដើម្បីទប់កុំឱ្យមានការវិវត្តទៅរកសភាពមួយធ្ងន់ធ្ងរ។ អ៊ីចឹងបើឱសថនេះជួយទៅដល់ផ្លូវដង្ហើម ជួយទៅដល់ស្ថានភាពនៃការផ្តាសាយរបស់អ្នកជំងឺ អ៊ីចឹងនៅក្នុងដំណាក់កាលមួយនោះ សរីរាង្គយើងនឹងមានការឆ្លើយតបល្អ ដូចនេះអ្នកជំងឺនឹងអភិវឌ្ឌ្យល្អទៅរកការជាសះស្បើយ ។ ហើយកន្លែងនេះ វាច្បាស់ថា ការប្រើប្រាស់ឱសថនេះ គេបានប្រើចាប់ផ្តើមដំបូងនៅសាធារណរដ្ឋប្រជាមានិតចិន នៅពេលដែលមានអ្នកជំងឺកូវីដ-១៩ ដែលមានការឆ្លងក្នុងទ្រង់ទ្រាយធំ អ៊ីចឹងគេក៏បានយកទៅប្រើប្រាស់នៅលើប្រជាពលរដ្ឋរបស់គេហើយក៏មានការធូរស្បើយមួយចំនួនធំរួចទៅហើយ»។
លោកជំទាវវជ្ជបណ្ឌិតបញ្ជាក់ទៀតថា ឱសថ LIANHAU GINGWENនេះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលរាជរដ្ឋាភិបាលខិតខំស្វះស្វែងរក ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ឱសថនេះក៏មានការប្រើប្រាស់នៅប្រទេសប្រេស៊ីល, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កាណាដា, ម៉ូហ្ស៉ាំមិច, រ៉ូម៉ានី, ថៃ, ឡាវ និងសិង្ហបុរីជាដើម។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មនុស្សធំ ប្រើម្ដង៤គ្រាប់ ហើយមួយថ្ងៃ ៣ដង ដោយអាចប្រើបានក្នុងកម្រិតពី៧ថ្ងៃ ទៅ ១០ថ្ងៃប៉ុណ្ណោះ មិនអាចប្រើយូរជាងនេះបានទេ។ ដោយឡែកកូនក្មេង មិនមានការណែនាំឱ្យប្រើប្រាស់នោះទេ តែបើប្រើ គឺប្រើត្រឹមកម្រិតទាបបំផុត៕