សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ៤ទីតាំង រឹបអូសបានសាច់អួន ១៤០ម៉ែត្រ បង្គោលឫស្សី ១៥០ដើម លែងកូនត្រី ១០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ ក្នុងពេលរដូវបិទនេសាទសមត្ថកិច្ចចម្រុះមួយក្រុមដឹកនាំដោយ លោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបុរី រួមជាមួយនិងលោកឈួម ធូ មន្ត្រីអាជ្ញាធរបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថ និងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទនានាដែលកើតមាននៅក្នុងរដូវបិទនេសាទនេះដើម្បីទុកឱកាសឲ្យត្រីពង នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្ត ឃុំសំបួរស្រុកមង្គលបូរី ជាប់នឹងតំបន់រនាមព្រៃលិចទឹកបឹងទន្លេសាប។

លោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបុរីបានឲ្យដឹងថា៖ការចុះបង្ក្រាបបទល្មើសទេសាទនេះមានបទល្មើសនេសាទ បានជាហូរហែដោយជនខិលខូចបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ធនធានមច្ឆជាតិក្នុងរដូវត្រីពងកូននេះ។

លោកបានឲ្យដឹងថាក្នុងការបង្ក្រាបនេះរយៈពេលមួយថ្ងៃសម្ថកិច្ចចំរុះបានរឹបអូសនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ក្នុងភូមិចែកអង្កររកឃើញ របាំងសាច់អួនប្រវែងប្រហែល ៥០ម៉ែត្របង្គោលឫស្សីចំនួន ៥០ដើម។

នៅចំណុចអន្លង់វិលរឹបអូសរបាំងសាច់អួនចំនួន៣០ម៉ែត្របង្គោលឫស្សីចំនួន៤០ដើម នៅចំណុចស្ទឹងតាគើ តក្រោមស្រែព្រៃរបាំងសាច់អួនប្រវែង ៣០ម៉ែត្របង្គោលឫស្សី ១៤ដើម និងនៅចំណុចក្នុងស្ទឹងក្រោមស្រែព្រៃរបាំងសាច់អួន ៣០ម៉ែត្រនិងបង្គោលឫស្សីចំនួន ៣០ដើម។

សរុបទាំងបួនទីតាំងរឹបអូសបានរបាំងសាច់អួនចំនួន ១៤០ម៉ែត្រ នឹងបង្គោលឫស្សីសរុប ១៥០ដើម ព្រមទាំងបានដោះលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ១០គីឡូក្រាមផងដែរ។

ដោយឡែកជនខិលខូចដែលប្រព្រឹត្តបទល្មើសនេសាទខាងលើ បានគេចខ្លួនបាត់ស្រមោល ក្នុងនោះលោក សេង ធូ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់នេសាទឲ្យបានត្រឹមត្រូវដើម្បីចៀសវាងមានបញ្ហានិងការបង់ខាតនានានៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ និងសូមឲ្យប្រជាពលរដ្ឋជាពិសេសអ្នកនេសាទត្រូវចូលរួមការពារធនធានមច្ឆជាតិទាំងអស់គ្នាឲ្យបានគង់វង្សតាមរយៈការនេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាត៕



