ឯកឧត្តម ស៊ុន ចាន់ថុល បានចេញសេចក្តីថ្លែងការបញ្ជាក់ថា ការដឹកលើសទម្ងន់កំណត់ គ្មានការលើកលែងជាដាច់ខាត
ខេត្តសៀមរាប៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកជាថ្មីថា ការដឹកលើសទម្ងន់កំណត់ ត្រូវតែអនុវត្តដោយច្បាប់ដែលមានជាធរមាន ដោយមិនមានការយោគយល់នោះឡើយ។
ថ្លែងក្នុងពិធីបើកឱ្យដំណើរការនូវមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងនៅតែបន្តអនុវត្តវិធានការក្ដៅដូចភ្លៀងរលឹម ដើម្បីចាប់រថយន្ដដឹកលើសទម្ងន់កំណត់ដោយច្បាប់ ដោយគ្មានរើសអើង ថាជាយានយន្តរបស់អ្នកក្រ អ្នកមាន ឬអ្នកមានខ្នងជាដាច់ខាត។
ការព្រមាននេះ ធ្វើឡើងក្រោយពីម្ចាស់យានយន្តដឹកជញ្ជូនមួយក្រុមកាលពីថ្ងៃទី២០ ខែកក្កដាម្សិលមិញ នាំគ្នាតវ៉ា និងស្នើសុំកុំឱ្យមានឃាត់យានយន្តទុក១ឆ្នាំ ដោយសុំត្រឹមតែពិន័យជាថវិកា និងស្នើសុំដោះលែងយានយន្ត ទាំងឡាយណា ដែលកំពុងឃាត់ទុក១ឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន ព្រមទាំងស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែល ក្នុងច្បាប់កំណត់ត្រឹមតែ ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែល ក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់ម្ចាស់យានយន្តធុនធ្ងន់ទាំងអស់ ចូលទៅមើលច្បាប់ស្តីពីផ្លូវថ្នល់ ត្រង់មាត្រា៦០ ឱ្យបានច្បាស់លាស់ មុននឹងតវ៉ា ឬលើកសំណើ ខណៈ ច្បាប់នេះ មានការធ្វើវិសោធនកម្ម។
ឯកឧត្តម មានប្រសាសន៍ថា «បើមិនចង់ឱ្យគេឃាត់យាន យន្តទុក១ឆ្នាំ គឺកុំដឹកលើស ទៅចប់ហើយ។ ច្បាប់ គឺច្បាប់ ដោយគ្មានការយោគយល់ចំពោះមនុស្សមួយក្រុមតូចដឹកល្មើសដោយច្បាប់ ដែលនាំឱ្យខូចប្រយោជន៍សាធារណៈនោះឡើយ ព្រោះយើងត្រូវតែខិតខំថែរក្សាទ្រព្យសម្បត្តិជាតិ ខណៈ រាជរដ្ឋាភិបាលបាននិងកំពុងស្វះរកថវិកា មកអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន សំដៅលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា មានយានយន្តចំនួន១៧៣គ្រឿងហើយ ដែលត្រូវបានពិន័យ និងឃាត់ទុកមិនឱ្យធ្វើចរាចររយៈពេល១ឆ្នាំ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ ក្រោយពីមន្រ្តីនៅតាមស្ថានីយ និងមន្ត្រីចុះឆ្មក់ បានពិនិត្យឃើញដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ៕ អរគុណសន្តិភាព