នាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ អញ្ជើញដល់កន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ
by CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ បានអញ្ជើញដល់ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020)ហើយ ដើម្បីចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ពិធីបើកនេះ មានការចូលរួមទស្សនាតែភ្ញៀវអន្ដរជាតិភាគច្រើនប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុនចូលរួមទស្សនានោះទេ ប៉ុន្ដែនឹងមានការផ្សាយបន្ដផ្ទាល់ទៅគ្រប់ទូរទស្សន៍ទាំងអស់លើឆាកអន្ដរជាតិ។ ចំពោះភ្ញៀវអន្ដរជាតិ ដែលចូលរួមពិធីបើកនេះ មានតែប្រធាន និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសទាំង ២០៦ រួមទាំងតំណាងសហព័ន្ធកីឡាអន្ដរជាតិទាំង ៣៣សហព័ន្ធ និងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមរៀបចំការប្រកួតប៉ុណ្ណោះ ដែលសរុបប្រមាណ ២០០ ទៅ ៣០០នាក់។ ក្រៅពីនេះ ក៏មានអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺពិធីបើកផ្លូវការ ដែលគ្រោងធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihide Suga នេះ ក៏មានវត្តមានភ្ញៀវពិសេសប្រធានាធិបតីបារាំង លោក Manuel Macron និងស្ដ្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោកជំទាវ Jill Biden ចូលរួមផងដែរ ហើយវត្តមានរបស់តំណាង និងថ្នាក់ដឹកនាំប្រទេសបារាំង ក៏ដូចជាសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍នេះ ក៏ព្រោះប្រទេសទាំងពីរ ត្រូវបន្ដវេណធ្វើម្ចាស់ផ្ទះពីទីក្រុងតូក្យូ ក្នុងនោះបារាំង ត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នាឆ្នាំ២០២៤ ខណៈរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នឹងធ្វើម្ចាស់ផ្ទះបន្ដវេណ នាឆ្នាំ២០២៨។
គួរបញ្ជាក់ថា ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០នេះ ក្រៅពីការចូលរួមរបស់ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា ក៏នឹងមានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា កាន់ទង់ជាតិកម្ពុជា ក្នុងក្បួនដង្ហែរ និងអបអរសាទរពិធីបើកការប្រកួតផ្លូវការនេះផងដែរ៕