ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ«ស្រូវមិត្តក្រៀល»ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា

ខេត្តកំពត៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។
សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។


