អង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” ដោយលើកឡើងថា អនុក្រឹត្យនេះ នឹងត្រូវបានប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជា
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ៖ “នាពេលថ្មីៗនេះ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” ដោយលើកឡើងថា អនុក្រឹត្យនេះ នឹងត្រូវបានប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជា។
តាមទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយនេះ ថា សង្គមកើតឡើងដោយការរួមផ្តុំសហគមន៍ជាច្រើន ក្លាយជាសង្គមមួយ។
ទោះបីជា នៅក្នុងសង្គមបុព្វកាលក្តី ឬកុលសម្ព័ន្ធកី្ត សុទ្ធតែមានការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងសង្គម ឬកុលសម្ព័ន្ធរបស់គេ។
ក្រោយមក មានការវិវឌ្ឍន៍កើតចេញទៅជាតំបន់ ឬប្រទេស ក៏គេមានច្បាប់ទម្លាប់ដើម្បីគ្រប់គ្រងប្រទេស និងសង្គមឲ្យមានរបៀបរបបរស់នៅត្រឹមត្រូវ ដែលច្បាប់នោះបង្កើតឡើងស្របតាម អរិយធម៌ វប្បធម៌ សាសនា ទំនៀមទម្លាប់ និងអាចមានភាពផ្សេងគ្នា ទៅតាមភាពជាក់ស្តែងរបស់សង្គមនោះ។
ដូច្នេះ ការបង្កើតច្បាប់ឡើង គឺដើម្បីគ្រប់គ្រង និងដឹកនាំសង្គមឲ្យបានត្រឹមត្រូវ។
ច្បាប់គឺជាបទបញ្ញត្តិ ជាវិធានត្រឹមត្រូវមួយ ដែលដកសារជាតិជាតិរច្ឆានរបស់មនុស្សចេញ។
ច្បាប់នេះហើយដែលកំណត់ទៅលើមនុស្សទូទៅ ឲ្យចេះរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនានឹងគ្នា។
បើយើងក្រឡេកមកមើលសម័យបច្ចេកវិទ្យាបច្ចុប្បន្ន ការវិវឌ្ឍន៍នៃសង្គម តម្រូវឲ្យមានការបង្កើតច្បាប់ជាច្រើន ទៅតាមសង្គមជាក់ស្តែង ដើម្បីគ្រប់គ្រង និងធានាថាសង្គមមួយនោះនឹងមានសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។
អ្វីដែលគួរឲ្យកត់សម្គាល់ នៅដំណាក់កាលចុងក្រោយនេះ គឺបច្ចេកវិទ្យាមានការអភិវឌ្ឍជាខ្លាំង ទាំងបច្ចេកវិទ្យានៅលើផែនដី និងលំហអាកាស។ សូម្បីនៅលើលំហអាកាសក៏មានច្បាប់ដែរ បើមិនដូច្នេះទេ មធ្យោបាយធ្វើដំណើរលើអាកាសផ្សេងៗ ដូចជាយន្តហោះ និងយានអវកាស នឹងហោះហើរដោយគ្មានសណ្តាប់ធ្នាប់ បង្កគ្រោះថ្នាក់មិនខាន។
យ៉ាងណាមិញ បច្ចេកវិទ្យាបច្ចុប្បន្ននេះ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ និងដើរលឿនជាងច្បាប់ទៅទៀត។
ខណៈពេលនេះ បច្ចេកវិទ្យាបច្ចុប្បន្នបានវិវឌ្ឍដល់ដំណាក់កាល ៤.០ ហើយ មនុស្សក៏បានបង្កើតសង្គមមួយទៀតហៅថា សង្គមបច្ចេកវិទ្យា ឬបណ្តាញសង្គម (Social Media)។
បណ្តាញសង្គម (Social Media) បានដើរតួនាទីសំខាន់ក្នុងសង្គមមួយទៀត គឺសង្គមបច្ចេកវិទ្យា ដែលបានជួយសម្រួលដល់កិច្ចការងាររបស់មនុស្ស និងផ្តល់ជាប្រយោជន៍សម្រាប់ទំនាក់ទំនង ផ្សព្វផ្សាយ ចែករំលែកព័ត៌មានផ្សេងៗ តែវាក៏មានផលអវិជ្ជមានច្រើនណាស់ដែរ ប្រសិនជាអ្នកប្រើប្រាស់ក្នុងផ្លូវមិនល្អ។
ដូច្នេះហើយដើម្បីគ្រប់គ្រងសង្គមបច្ចេកវិទ្យាមួយនេះបាន គឺតម្រូវឲ្យបង្កើតច្បាប់ ដែលបច្ចុប្បន្ននេះ ប្រទេសនីមួយៗនៅលើពិភពលោក បានបង្កើតច្បាប់នេះរួចហើយជាបន្តបន្ទាប់ ស្របទៅតាមសង្គមជាក់ស្តែង វប្បធម៌ សាសនា ទំនៀមទម្លាប់ប្រទេសរបស់គេ ។
ជាការពិតណាស់ នៅក្នុងសង្គម មិនថាសង្គមមនុស្ស ឬសង្គមបច្ចេកវិទ្យា សម្រាប់មនុស្សល្អ ត្រឹមត្រូវ គេមិនខ្លាចច្បាប់នោះទេ មានតែគេត្រូវការច្បាប់ ដើម្បីគ្រប់គ្រងសង្គមរបស់គេឲ្យមានរបៀបរៀបរយ សុខ សុវត្ថិភាព និងស្ថិរភាព។ ផ្ទុយទៅវិញ មានតែជនទុច្ចរឹតប៉ុណ្ណោះ ដែលខ្លាចរអាចំពោះមុខច្បាប់។
អ្វីដែលខ្ញុំបានមើលឃើញ គឺពិភពលោកបានបង្កើតច្បាប់គ្រប់គ្រងសង្គមបច្ចេកវិទ្យា ស្របពេលនេះដែរកម្ពុជាក៏បានរៀបចំច្បាប់នេះដែរ ផ្ទុយទៅវិញ បែរជាមានអង្គការសង្គមស៊ីវិលមួយចំនួន បង្ហាញការព្រួយបារម្ភចំពោះច្បាប់នេះទៅវិញ ដោយគេលើកឡើងថា ច្បាប់នេះអាចរំលោភសិទ្ធិមនុស្ស ថែមទាំងចោទប្រកាន់ថា ប្រើប្រាស់ច្បាប់មួយនេះ ដើម្បីបំបិតសំឡេងប្រឆាំង និងឈានដល់ការលួចសំឡេងឆ្នោតទៀត។ ការលើកឡើងរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការពារជនទុច្ចរឹតនោះទេ។
កន្លងមក ច្បាប់ក៏បានចាត់វិធានការទៅលើមនុស្សមួយចំនួន ដែលប្រើប្រាស់បណ្តាញសង្គមមិនត្រឹមត្រូវ ។ នេះហើយគឺជាអ្វីដែលបានអនុវត្តដើម្បីពង្រឹងច្បាប់ និងលទ្ធិប្រជាធិបតេយ្យ។
ដូច្នេះ អង្គការសង្គមស៊ីវិល ជាពិសេស លោកស្រី ចក់ សុភាព គួរតែជួយអប់រំប្រជាជនឲ្យចេះប្រើប្រាស់សង្គមបច្ចេកវិទ្យាឲ្យត្រឹមត្រូវទៅតាមច្បាប់វិញ នោះទើបជារឿងត្រឹមត្រូវ។ សូមកុំបារម្ភទាំងទន្ទឹងទិសអញ្ចឹង៕” ដោយឯ.ក ជា ច័ន្ទបរិបូរណ៌