សាច់ក្របី៣កុងតឺន័រ នាំចូលមកពីឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩ ត្រូវបានមន្ត្រីគយកម្ពុជាចាប់បាន
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា មន្ត្រីគយកម្ពុជា ចាប់បានសាច់ក្របីក្លាស្សេចំនួន ៣កុងតឺន័រ ហើយពិនិត្យឃើញមានផ្ទុកមេរោគកូវីដ-១៩ ដែលនាំចូលមកពីប្រទេសឥណ្ឌា។
លោកបន្តថា សាច់ក្របីទាំងនោះ នឹងត្រូវនាំយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំបន្ថែមទៅអភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឲ្យត្រៀមលក្ខណៈសហការជាមួយខាងមន្ត្រីគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩។ ព្រោះបើកប់ ក៏អាចមិនមានសុវត្ថិភាពឡើយ។
ចំពោះបញ្ហានេះ ឯកឧត្តម វ៉ី សំណាង បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ ពីប្រភពនៃសាច់ទាំងនោះ ព្រោះថា យើងត្រូវខ្លាចទិញប៉ះចំសាច់ក្លាស្សេ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩ ដូចអ្វីដែលមន្ត្រីគយចាប់បាននៅពេលនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ-១៩ អាចនៅរស់នៅលើសាច់កកៗ ដូចករណីសាច់គោ សាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវមន្ត្រីគយ ចាប់បាននៅពេលនេះ។
កាលពីថ្មីៗនេះ ស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាទីផ្សារដ៏ធំមួយ នៃការផ្គត់ផ្គង់សាច់ក្របី និងអាហារនានា ហើយកម្ពុជា ក៏បាននាំចូលសាច់ក្របីពីឥណ្ឌា ក្នុងតម្លៃ ១៧,៧លានដុល្លារ កាលពីឆ្នាំ២០២០ គឺកើនឡើងពី ៦,៤លានដុល្លារ ធៀបនឹងឆ្នាំ២០១៩។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ មិនឲ្យនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលចាត់ទុកថា ជា «ហានិភ័យខ្ពស់» ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែប្រទេសឥណ្ឌា បន្តឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាថ្មីទៀត៕