កងយោធាសហរដ្ឋអាមេរិក មិនអាចស្នាក់នៅក្នុងប្រទេសស៊ីរីបានយូរទេ

មេដឹកនាំម្នាក់នៃក្រុមដែលគេហៅថា ក្រុមមូស្គូនៃក្រុមប្រឆាំងស៊ីរីលោក Qadri Jamil បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដោយពិនិត្យមើលទៅលើការដោះស្រាយជម្លោះដែលមានរយៈពេលមួយទសវត្សរ៍​នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទថា កងយោធាសហរដ្ឋអាមេរិកមិនអាចស្នាក់នៅក្នុងភាគឥសាននៃប្រទេសស៊ីរីបានយូរទេ។
លោក Qadri Jamil បាននិយាយថា «ឱកាសដែលជនជាតិអាមេរិកនឹងស្នាក់នៅភាគឥសាននៃប្រទេសស៊ីរី គឺមានតិចតួចណាស់។ ពួកគេមិនអាចស្នាក់នៅទីនោះបានយូរទេ»។
អ្នកនយោបាយរូបនេះបាននិយាយបន្ថែមថា «ប្រសិនបើជនជាតិអាមេរិកស្នាក់នៅក្នុងប្រទេសស៊ីរី ក្នុងនាមជាអ្នកបំផុសគំនិត ដោយប្រាប់អ្នកចូលរួមពីរនាក់នៅក្នុងដំណើរការនយោបាយថាពួកគេគួរតែធ្វើយ៉ាងដូចម៉េចនោះ គឺវាគ្មានអ្វីល្អដែលនឹងកើតឡើងនោះទេ»។ លោកបានកត់សម្គាល់ថា ជនជាតិអាមេរិកមិនមានភាពប្រញាប់ប្រញាល់ក្នុងការដកកងទ័ពខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ទេ។ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជនជាតិអាមេរិក​កំពុងដកខ្លួនចេញពីភាគខាងជើង មិនមែនដកចេញពីគ្រប់ទិសទីនោះទេ។
ផ្នែកធំមួយនៃខេត្ត Al-Hasakah ខេត្ត Deir ez-Zor និងខេត្ត Raqqa របស់ប្រទេសស៊ីរីដែលស្ថិតនៅភាគខាងកើត និងខាងជើងភាគនោះ បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី Kurdish ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០១៥ មក បញ្ជាការសហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋានយោធាចំនួន ៩ នៅក្នុងតំបន់នោះ។ មូលដ្ឋានយោធាបួនក្នុងចំណោមនោះ មានទីតាំងនៅជិតតំបន់ប្រេងក្នុងខេត្ត Deir ez-Zor និង ៥ កន្លែងទៀតស្ថិតនៅក្នុងខេត្ត Al-Hasakah ដែលនៅជិតខាងនោះ។
កាលពីចុងឆ្នាំ ២០១៩ ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ លោក ដូណាល់ ត្រាំ បានអនុម័តផែនការរក្សាកងទ័ពអាមេរិករាប់រយនាក់នៅក្នុងប្រទេសស៊ីរី ដែលនឹងមានភារកិច្ចត្រួតត្រាតំបន់ប្រេងនៅភាគឥសាន និងភាគខាងកើតនៃប្រទេសនេះ។ ទោះជាយ៉ាងណា ទីក្រុង Damascus បានថ្កោលទោសចំពោះវត្តមានយោធាអាមេរិកនៅស៊ីរី ដែលជាការកាន់កាប់ខុសច្បាប់អមដោយការលួចប្លន់ធនធានធម្មជាតិដែលជាកម្មសិទ្ធិរបស់ប្រជាជនស៊ីរី៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល by AKP
អត្ថបទដែលជាប់ទាក់ទង