សន្និសីទអាស៊ានអូស្ហណេតលើក៧ (AOC-7) ក្រោមប្រធានបទ”ការពង្រឹងយន្តការអធិការកិច្ចការងារ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនូវអធិការកិច្ចផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩”

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចូលរួមសន្និសីទអាស៊ានអូស្ហណេតលើក៧ (AOC-7) ក្រោមប្រធានបទ”ការពង្រឹងយន្តការអធិការកិច្ចការងារ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនូវអធិការកិច្ចផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩” និងពិធីប្រគល់ពានរង្វាន់អាស៊ានអូស្ហណេតលើកទី៣ ដល់សហគ្រាស គ្រឹះស្ថានអាស៊ានដែលអនុវត្តល្អ និងល្អប្រសើរស្តីពីសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. យី កន្និដ្ឋា ប្រធាននាយកដ្ឋានស្តីទី រួមនិងថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានពេទ្យការងារ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តាមរយ:ប្រព័ន្ធវីដែអូ ដែលរៀបចំឡើងដោយប្រទេសឡាវ សហការជាមួយលេខាធិការដ្ឋានអាស៊ាន។

សន្និសីទអាស៊ានអូស្ហណេត (ASEAN-OSHNET Conference) ជាសន្និសីទថ្នាក់តំបន់អាស៊ានដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងមានការចូលរួមពីប្រទេសអាស៊ានទាំង ១០ លេខាធិការដ្ឋានអាស៊ានអូស្ហណេត អង្គការអន្តរជាតិខាងការងារ(ILO) ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) រដ្ឋបាលរដ្ឋផ្នែកសុវត្ថិភាពការងារនៃសាធារណ:រដ្ឋប្រជាមានិតចិន(SAWS) ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពប្រទេសជប៉ុន(MHLW) សមាគមអធិការកិច្ចការងារអន្តរជាតិ(IALI) អង្គការសុវត្ថិភាព និងសុខភាពការងារអាស៊ី-ប៉ាស៊ីហ្វិក (APOSHO) និងវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍កូរ៉េ (KDI) ។

ដោយឡែក នៅក្នុងឆ្នាំនេះ សន្និសីទបានរៀបចំដោយផ្សារភ្ជាប់នូវពិធីប្រគល់ពានរង្វាន់អាស៊ានអូស្ហណេតលើកទី៣ដែលក្នុងនោះ មានរោងចក្រ សហគ្រាសកម្ពុជាចំនួន ០២ ត្រូវជ្រើសរើសក្នុងការទទួលពានរង្វាន់អាស៊ានអូស្ហណេត រួមមាន ក្រុមហ៊ុន Minebea (Cambodia) Co;Ltd លើការអនុវត្តល្អបំផុតផ្នែកសុវត្ថិភាព និងសុខភាពការងារ ( ASEAN-OSHNET Excellence Award) និងក្រុមហ៊ុន Laurelton Diamonds លើការអនុវត្តល្អប្រសើរផ្នែកសុវត្ថិភាព និងសុខភាពការងារ (ASEAN-OSHNET Best Practices Award)ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ៕


