អ្នកចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយអាជ្ញាធររាជធានី
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ ។ បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។
ការព្រមានបែបនេះ របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានហ្មត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ ដូច្នេះ ឯកឧត្តម ស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេងក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានហ្មត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វុីរឺស បំលែងថ្មី (ដែលតា) ដែលបាននឹងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជា ក៏ជាប្រទេសមួយបាននឹងកំពុងប្រឈមនឹងវុីរឺសថ្មីនេះផងដែរ។
ជាងនេះទៀត ត្រូវបន្តពង្រឹងឲ្យបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ ៕