រដ្ឋបាលខេត្ត ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ១១នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ៣៩នាក់
ខេត្តរតនគិរី៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ១១នាក់ បន្ថែមទៀត ដែលបានរកឃើញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ព្រមទាំងអ្នកជាសះស្បើយចំនួន ៣៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ១១នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន ៣៩នាក់ ហើយអ្នកទាំងនោះ ត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ និងតម្រូវឲ្យធ្វើចត្តាឡៃស័កនៅផ្ទះដោយខ្លួនឯងចំនួន ១៤ថ្ងៃបន្ថែមទៀត។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៦៩១នាក់ ព្យាបាលជាសះស្បើយសរុបចំនួន ៥៦៤នាក់ និងស្លាប់ ៥នាក់ផងដែរ៕