ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវ និងស្ពានចំនួន ៣គម្រោង

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ-ពុធ ៣ និង ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវ និងស្ពានចំនួន ៣គម្រោងដូចខាងក្រោម ៖
-គម្រោងទី ១៖ ការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ២៤០ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាក់ដីក្បាលស្ពានប្រវែង ១ ០០០ម៉ែត្រ និងស្ថាបនាជម្រាលការពារជើងទេរនៅផ្នែកក្បាលស្ពានប្រវែង ៨៤,៩៦ម៉ែត្រ ជាផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
-គម្រោងទី ២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៥៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសក្រហមមានទទឹងម្ខាងៗប្រវែង ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួន ១៧កន្លែង និងលូមូលមុខមួយ ចំនួន ១៨កន្លែង តភ្ជាប់ពីភូមិកំពោតស្គារ ទៅផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
-គម្រោងទី ៣៖ ការងារស្ថាបនាស្ពានបេតុង មួយកន្លែងប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់ស្ទាក់ទឹកចំនួន ២កន្លែង សាងសង់លូប្រអប់ចំនួន ៧កន្លែង លូមូលមុខបីចំនួន ៤កន្លែង លូមូលមុខពីរចំនួន ៨កន្លែង និងលូមូលមុខមួយចំនួន ១១កន្លែង ស្ថិតនៅលើខ្សែផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ពីច្រកដុងក្រឡ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

គម្រោងទាំង៣ ខាងលើនេះសាងសង់ដោយកងកម្លាំងវិស្វកម្មនៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងបានសម្រេចវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងទី ១ និងវាយតម្លៃប្រគល់ទទួល ១០០% លើគម្រោងទី ២ និងទី ៣ ៕



