សូម្បីតែម៉ាស៊ីនច្រូតតម្លៃថោក ក៏លោកមេឃុំបត់ត្រង់ ក៏មិនអនុញ្ញាតឲ្យច្រូតដែរ កុំឲ្យខូចហាងឆេងម៉ាស៊ីន នៅក្នុងមូលដ្ឋាន
ខេត្តបន្ទាយមានជ័យ៖ គួរឲ្យហួសចិត្តណាស់! ប្រជាកសិករ ក៏ដូចជាម្ចាស់ម៉ាស៊ីនច្រូតស្រូវ មានការហួសចិត្តនឹងលោកមេឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១កន្លងមក ស្តីពីការចុះកិច្ចព្រមព្រៀងជាមួយម្ចាស់ម៉ាស៊ីនច្រូតស្រូវនិងតំណាងម៉ាស៊ីនច្រូតស្រូវនៅវាលក្នុងឃុំបត់ត្រង់ ដោយកំណត់តម្លៃ ២.១០០បាត ហើយមិនឲ្យមានម៉ាស៊ីនខាងក្រៅចូលទៅច្រូតនោះទេព្រោះតែខ្លាចធ្លាក់ថ្លៃ នេះបើយោងតាមលិខិតមួយ ដែលទើបមានការចុះហត្ថលេខាថ្មីៗនេះ។
ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំបត់ត្រង់ ស្រុកបង្គលបុរី បានត្អូញត្អែរនិងរិះគន់ដល់អាជ្ញាធរឃុំថា មិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតដែលមានតម្លៃទាបជាង ( ២០០០បាត ) ព្រោះថា មានគេម៉ៅការរួចអស់ទៅហើយ ទើបអាជ្ញាធរឃុំ មិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតស្រូវចូលពីក្រៅឃុំទៅច្រូតតម្លៃទាបបាននោះទេ បើចង់ច្រូតទាល់តែតម្លៃដូចម៉ាស៊ីននៅក្នុងភូមិឃុំរបស់លោក ទើបអាចឲ្យច្រូត ជាមួយគ្នានោះលោកមេឃុំក៏បានឲ្យប្រជាពលរដ្ខធ្វើកិច្ចសន្យាច្រូត តម្លៃដូចម៉ាស៊ីនអ្នកម៉ៅការនៅក្នុងភូមិឃុំរបស់លោកទើបលោកអនុញ្ញាតឲ្យម៉ាស៊ីនច្រូត ។
ប្រជាកសិករបានត្អូញត្អែរទៀតថាកសិផលដែលលោកខំធ្វើបាននោះគឺដើម្បីអូសទាញយកម៉ាស៊ីនច្រូតមកច្រូតបានតម្លៃគួរសមក្រែងលក់ចេញបានកម្រៃសល់ខ្លះដោយសារតែស្រូវមានតម្លៃថោកតែប៉ុណ្ណោះ ឲ្យច្រូតតាមតម្លៃលើ ( ២០០០ បាត ) លោកមិនមានសល់អ្វីទាំងអស់ ម៉ាស៊ីនអ្នក ដែលមកពីក្រៅ គឺលោកមេឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានធ្វើកិច្ចព្រមព្រៀងជាមួយម្ចាស់ម៉ាស៊ីនច្រូតស្រូវឲ្យច្រូតតម្លៃលើ ( ២០០០បាត ) ដូចម៉ាស៊ីនដែលនៅក្នុងភូមិឃុំរបស់លោកដែរ ។
បើយោងលិខិតសរសេរដៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មានក៏ទទួលបានដែរនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា៖ យើងខ្ញុំជាម្ចាស់ម៉ាស៊ីនច្រូតនិងតំណាងម៉ាស៊ីនច្រូតស្រូវនៅក្នុងឃុំបត់ត្រង់ មាន៖ ១.ឈ្មោះ សរ ប៉ូលីន ភេទប្រុស ។ ២.ឈ្មោះ ម៉ាន់ ទី ភេទប្រុស ។ ៣. ឈ្មោះ បូ ផល ភេទប្រុស និង៤.ឈ្មោះ ព្រំ វុន ភេទប្រុស និងលោក សៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងឲ្យច្រូតស្រូវប្រជាពលរដ្ឋក្នុងឃុំនេះចំនួន (២១០០បាត) ក្នុងមួយហិកតា និងស្នើសុំ១០០បាតក្នុងមួយហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ប្រសិនបើម្ចាស់ម៉ាស៊ីនច្រូតប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរឃុំ ។
ក្រោយបែកធ្លាយលិខិតនេះ មានមតិខ្លះថា មិនគួរលោក សៃ ឡៅ មេឃុំបត់ត្រង់ធ្វើអីប្លែកៗតែឯងដូច្នេះទេ តម្លៃនេះ ដូចជាថោក បើធៀបនឹងការច្រូតស្រូវរដូវវស្សាកាលពីឆ្នាំ២០២០ ដែលមានតម្លៃ ២២០០ទៅ ២៨០០បាតក្នុងមួយហិកតា ហើយតម្លៃប្រេង ពីមុនក៏ថោកជាងនេះដែរ ។
តែខ្លះថា រដូវបង្កបង្កើតផលនានាតម្លៃស្រូវប្រាំងដើមឆ្នាំលក់បានតម្លៃតែ ៧០០ទៅ៧៤០រៀលក្នុងមួយគីឡូក្រាម គួរយកតែ ១៦០០ទៅ ១៨០០បាតក្នុងមួយហិកតាបានហើយ ម្យ៉ាងរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ផង និងខ្លះថា ការព្រមព្រៀងថ្លៃច្រូតនេះ ទំនងជាលោកមេឃុំមានខ្សែម៉ាស៊ីនច្រូត ឬទទួលលាភក្នុងនោះ ទើបលោកហ៊ានធ្វើកិច្ចសន្យាបែបនេះ ។
លោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកសាព័ត៌មាននៅ រសៀលថ្ងៃទី២៨ ខែកក្កដាកន្លងមកថា៖ រដ្ឋបាលស្រុកបានស្តីបន្ទោស និងបានណែនាំឲ្យម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងលោកមេឃុំបត់ត្រង់នោះ និរាសករណ៍ឬរំលាយលិខិតកិច្ចព្រមព្រៀងនោះវិញហើយ។
លោកបន្តថា៖ ថ្លៃថ្នូរលក់ដូរឬសេវានានាផ្នែកឯកជនគឺស្ថិតលើទីផ្សារ(ហាងឆេង) មិនអាចទៅកំណត់ថ្លៃក្នុងកិច្ចព្រមព្រៀងឬផែនការអីទេ ៕