ដាក់បទបញ្ជា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការបិទបំរាមគោចរ រយៈពេល១៤ថ្ងៃ ដោយមិនលើកលែងជាដាច់ខាត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជា​ការ​ឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តីសំរេចលេខ​២៤៩/២១​សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសំរេចនេះ។


ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video conference ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។


ក្នុងនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។ លោកបញ្ជាក់ទៀតថា ៖ រាជធានីភ្នំពេញបានកើនឡើងនូវអ្នកជំងឺ​កូវីដ​-១៩ មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩​នេះ មានការថមថយបន្តិច ។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង ។ ដូច្នេះដើម្បីកាត់ផ្ដាច់​ឬសគល់​នៃការរីករាលដាលជម្ងឺ-១៩នេះ ឯកឧត្តមស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះអោយបានតឹងរឹងបំផុត ។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។


ឯកឧត្តមបានបញ្ជាក់ផងដែលថា ៖ ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះ​ការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។


ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់អោយភ្ញៀវអង្គុយហូបចុកទេ ក្នុង​ហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។


ឯកឧត្តម ឃួង ស្រេង បានជម្រុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យអោយបានម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវុីរីសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុុងសហគមន៍ក៏ដោយ។


គួរបញ្ជាក់ថា រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង​៣​ភ្លឺ ដោយដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ៕

អត្ថបទដែលជាប់ទាក់ទង