យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី២ ក្នុងក្រុងសិរីសោភ័ណចំនួន ៣ថ្ងៃ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំម២០២១នេះ ក្រុមគ្រូពេទ្យចំណុះយោធភូមិទី៥ និងសម្របសម្រួល សហការដោយកងកម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជន ស.ស.យ.ក និងយុវជនចម្រុះ ប្រជាការពារជាច្រើនរយនាក់បានយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូសលើកទី២ហើយ ចាក់ចាប់ ពី១៨ ឡើង មានចំនួន ជាង៥ម៉ឺននាក់មាន៦ទីតាំង ក្នុងរយៈពេល៣ថ្ងៃ បើប្រជាពលរដ្ឋណាមិនមកចាក់ដូសទី២នេះទេក្រុមគ្រូពេទ្យមិនទទួលខុសត្រូវឡើយ។លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ចាប់ ពីថ្ងៃទី៣០ដល់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ឲ្យបានលឿនបំផុតព្រោះក្រុមការងារគ្រប់ផ្នែកនិងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានរលូន។លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរង យោធភូមិភាគទី ៥ និងជាប្រធានក្រុមការងារទី៣ គោលដៅ វត្តស្វាយចាស់និងគោលដៅវត្តសមាធិផល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ៖គម្រោងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នេះចាប់ផ្តើមចាក់នៅពេលព្រឹកថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃ១ ខែសីហា ឆ្នាំ២០២១គ្រូពេទ្យយោធាចាក់ជូន ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឲ្យបានជាង៥មឺុននាក់ នៅទាំង៤សង្កាត់នេះ។
បន្ទាប់មកនៅសង្កាត់៣ទៀត ព្រមទាំងនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរីនិងស្រុកម៉ាឡៃទៀត។លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់បានបន្តវ៉ាក់សាំងSINOPHARMថ្នាក់លើជាច្រើនម៉ឺនដូសបានដឹកមកដល់ខេត្តបន្ទាយមានជ័យនេះហើយ។
លោកឧត្តមសេនីយទោសេងធារិន បញ្ជាការង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ យោធភូមិភាគបានឲ្យដឹងថា គ្រូពេទ្យយោធាមកពី១២អង្គភាពចំណុះយោធភូមិភាគនឹងជួយអន្តរាគមន៍លើផ្នែកចាក់វ៉ាក់សាំងឯកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជន ស.ស.យ.កនឹងជួយលើការសម្របសម្រួលបែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យួទ័រជាដើម ។
ក្នុងនោះលោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទបានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការផ្ទុះខ្លាំង ការរីករាលដាលជម្ងឺកូវីដ.១៩ និងប្រឈមនេះ។ក្នុងនោះលោកបានណែនាំទូទៅ វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេសដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវផងដែរ។
សូមរំលឹកថា ផែនការយុទ្ធនាកាតចាក់វ៉ាក់ដូសលើកទី២ ក្នុងក្រុងសិរីសោភ័ណនេះសម្រាប់ចាក់ជូនប្រជាពលរដ្ឋមានចំនួនជាង ៥០០០០នាក់៕