នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់លិខិតបទដ្ឋានគតិយុត្តថ្មីៗ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់លិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននោះរួមមាន៖ ១). សៀវភៅណែនាំស្តីពី ការងារដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ២). ប្រកាសស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់ បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ និង៣).ប្រកាសស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូងចំនួន៥វិស័យ។

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីថ្នាក់កណ្តាលនៃក្រសួងបរិស្ថាន មន្ត្រីមន្ទីរបរិស្ថានទាំង២៥ ខេត្ត-ក្រុង បុគ្គលិករបស់គណៈកម្មាធិការបម្រើក្វេគ័រ អាមេរិកកាំង (American Friends Service Committee, AFSC) និងបុគ្គលិកក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលមានអ្នកចូលរួមសរុបទាំងអស់១៣៦រូប។

លិខិតបទដ្ឋានគតិយុត្តទាំងនេះជាគន្លឹះ និងជាជំនួយស្មារតីក្នុងការដោះស្រាយផលប៉ះពាល់នានាពីគម្រោងអភិវឌ្ឍន៍ឯកជន និងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងក្នុងការរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពន្លឿននីតិវិធីនៃការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ។
