Detail Top Banner

២ថ្ងៃជាប់គ្នា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះបិទនិងបង្ក្រាបហាងផឹកស៊ី ៤ទីតាំង ដែលល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី


ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យ៉ាងហោចណាស់ មនុស្ស​ប្រុស​ស្រី​ចំនួន១៣​នាក់ ត្រូវបានគណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក​ (តេស្តរហ័ស) ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែង ផ្គើន​​បម្រាម​ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។


ប្រតិបត្តិការនេះបានធ្វើឡើងកាលពី​វេលា ម៉ោង​១០​និង​១០ នាទី​យប់​ថ្ងៃ​ពុធ ទី​៤ ខែសីហា ឆ្នាំ​២០២១ នៅចំណុចទីតាំង​ហាង នីសា​កែវ​ព្រិល តាមបណ្តោយមហាវិមាន​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​


មន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតឲ្យមាន កម្មវិធីខួបកំណេីតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត លុះដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ចដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញ ក៏បានចុះធ្វេីការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ១៣នាក់ក្នុងនោះមានប្រុសម្នាក់។


ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ មកពិនិត្យយកសំណាក(តេស្តរហ័ស) ភ្លាមៗដែរ ប៉ុន្តែជាលទ្ធផល ពួកគេទាំង១៣នាក់នោះ អវិជ្ជមានទាំងអស់គ្នា ។ក្រោយមក អាជ្ញាធរមានសមត្ថកិច្ចក៏បានអប់រំណែនាំឱ្យទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់បុរសម្នាក់ដែលជាថៅកែហាង ត្រូវសមត្ថកិច្ចនាំខ្លួន ទៅ​​​កាន់​ស្នងការដ្ឋាននគរបាលរាជធានីដេីម្បីចាត់ការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។


ពាក់ព័ន្ធនឹងហាងផឹកស៊ីនេះដែរ កាលពីរសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយ៌ដ្ឋានហើយខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។


ទីតាំង KTV ទាំង៣ កន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖
១. ភោជនីយដ្ឋាន ពិភពតារ៉ារះ
២. ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣. ភោជនីយដ្ឋានបុប្ផារាជធានី។


ក្នុងប្រតិបត្តិការចុះបិទទីតាំង KTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕

អត្ថបទដែលជាប់ទាក់ទង