Detail Top Banner

ព្រោះតែប្រាក់ ក្រុមហ៊ុនគឹមឡេងពិភពដីល្វែងឯ.ក នៅក្រុងសិរីសោភ័ណ ចាក់ដីលុបផ្លូវទឹក រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ


ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុនគឹមឡេងពិភពដីល្វែងឯ.ក(Kimleng Piphopdeylveng Co,.Ltd ) នៅទីតាំងទំនប់ប៉ារ៉ែតភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ បានចាក់ដីលុបផ្លូវទឹករំលោភយកប្រឡាយ​​រដ្ឋប្រវែង១០០ប្លាយម៉ែត្រ តាំងពីបង្កើតទីតាំងថ្មីនេះកាលពីឆ្នាំកន្លងមក ។


ករណីនេះលោក លន់ គឹមឡេង ម្ចាស់និងមេការនៃក្រុមហ៊ុននេះ មិនព្រមចេញមកបំភ្លឺផ្ទាល់ពេលអ្នកយក​ព័ត័មាននៅទីតាំងនោះ ។


ចំណែកប្រព័ន្ធលេខទូរស័ព្ទដាក់លើស្លាកយីហោក្រុមហ៊ុន អ្នកយកព័ត័មានបានព្យាយាមហៅចូលជាច្រើនដង ប៉ុន្តែនៅតែគ្មានអ្នកលើកទទួលការស្នើសុំបំភ្លឺ ។


ទោះជាយ៉ាងណា លោក មុំ វណ្ណា ចៅសង្កាត់ព្រះពន្លា ក៏ដូចលោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាលពីថ្ងៃទី១ខែសីហាថា ៖ ម្ចាស់ក្រុមហ៊ុនគឹមឡេងពិភពដីល្វែងឯ.ក(Kimleng Piphopdeylveng Co,.Ltd ) របស់លោក​លន់ គឹមឡេង នេះ ពិតជាបានចាក់ដីលុបមុខទឹកលើប្រឡាយបារ៉ែតទទឺង៨ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ដាក់កូនលូតូច ហើយរំលោភយកពីសម្បត្តិសាធារណៈទៅធ្វើជាកម្មសិទ្ធិឯកជនមែន ។


ករណីនេះ មន្ត្រីអាជ្ញាធរនិងជំនាញបានចុះណែនាំពីអំពើទុច្ចរឹតនេះ និងធ្វើកំណត់ហេតុព្រមទាំងរបាយការណ៍រួចហើយ ឲ្យធ្វើកិច្ចសន្យាកាយចេញវិញ និងដាក់លូប្រអប់ ដើម្បីអោយបានមុខទឹកធំអាចហូរបានឡើងវិញ ។


ក្នុងនោះ លោក ហ៊ឹល រ៉ាយ៉ា បានបន្តថា ៖ ទោះបីជាប្រឡាយនេះ ជាប្រឡាយទំនប់ប៉ារ៉ែតនៃក្រវ៉ាត់យុទ្ធសាស្ត្រការពារស្រុកទីរួមខេត្តនាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏ប្រឡាយនេះ មានតួនាទីដ៏សំខាន់ក្នុងការរំដោះទឹកជំនន់នារដូវវស្សាផង និងសម្រាប់បង្ហូរទឹកនៅរដូវប្រាំងផង ។


ជាក់ស្តែង ក្នុង៣ឆ្នាំជាប់ៗគ្នាកន្លងមក ក្រសួងធនធានទឹកនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រើប្រឡាយព្រះពន្លានេះសម្រាប់បង្ហូរទឹកដែលបូមផ្ទេរពីស្ទឹងសិរីសោភ័ណទម្លាក់ទៅប្រឡាយក្តាន់ត្រង់ស្ពានតាផាន់ រួចរុញចូលប្រឡាយនាំទឹកមួយទៀត និងចុងក្រោយបានចូលស្ទឹងមង្គលបូរីដើម្បីឆ្លើយតបគ្រោះខ្វះទឹកបរិភោគនិងប្រើប្រាស់នៅស្រុកមង្គលបូរី ព្រោះស្ទឹងមង្គលបូរី បានរីងខះជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ​។


ចំណែកលោក មុំ ប៊ុណ្ណា ចៅសង្កាត់ព្រះពន្លាបានបន្ថែមថា ៖ គំរូមួយ ដែលទំនងជាម្ចាស់បូរីនេះបានចាក់​លុបប្រឡាយទឹកនេះ អាចមកពីមើលបំណាំលោក ឈឹម សារឿន ហៅចិនខ្មៅ ម្ចាស់ដីល្វែងនិងផ្សារក្បាលស្ពាននៅផ្លូវជាតិលេខ៥ និងផ្លូវរភ្លើងនាភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ដែលនៅក្បែរខាងនោះ។
នោះគឺលោកចិនខ្មៅបានចាក់ដីលុបចុងប្រឡាយនេះប្របផ្លូវរថភ្លើង លើក្បាលដីអង្កន់ល្វែងថ្មីទំហំ ១០ហិចតានោះដែរ ។


ប៉ុន្តែលោកចិនខ្មៅនិងមន្ត្រីមន្ទីរសាធាណាការខេត្តបន្ទាយមានជ័យបានបំភ្លឺថា ៖ ការចាក់ដីលុបប្រឡាយស្នាមភ្លោះផ្លូវរថភ្លើងនោះ មានដាក់លូមុខកាត់១ម៉ែត្រចំនួន២លូទន្ទឹមគ្នាល្មមទឹកហូរបាន។
ម្យ៉ាង ការចាក់ដីជាប់ថ្នល់រថភ្លើងនោះ រដ្ឋមន្ត្រីក្រសួងសាធារណការអនុញ្ញាតិឲ្យផង ត្បិតទុកសម្រាប់ពង្រីកធ្វើផ្លូវរថភ្លើង១ខ្សែសម្រាប់កាច់ងីប ផ្ទេរទូរប្រេងចូលស្ថានីយ៍ស្តុកប្រេងឥន្ទនៈតេលាប្រចាំខេត្ត ។
ទោះយ៉ាងណា លោកចៅសង្កាត់បានបង្ហើបថា ៖ ប្រឡាយប៉ារ៉ែតនេះ ខាងក្រសួងនិងមន្ទីរធនធានទឹកនិងឧតុនិយម បានសិក្សារួចហើយ និងមានផែនការស្ថាបនាប្រឡាយនាំទឹក ជើងទេរសង់ពីបេតុង ។
គឺក្នុងចំណោមប្រឡាយ៣ខ្សែប្រវែង ៣០០០ម៉ែត្រ ក៏ក្នុងនោះមានប្រឡាយភ្ជាប់ពីស្ទឹងសិរីសោភ័ណ តាមប្រឡាយប៉ារ៉ែតនេះទៅប្រឡាយក្តាន់ ត្រង់ជិតស្ពានតាផាន់ផងដែរ ។
ដូច្នេះ ពេលនោះ អ្នករំលោភចាស់និងអ្នករំលោភថ្មីលើប្រឡាយខាងលើ នឹងត្រូវកាយបើកមុខទឹកវិញទាំងអស់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង