ប្រាក់សោធនចូលនិវត្តន៍(ប្រាក់រ៉ឺត្រែត) កម្មករនិយោជិតវិស័យឯកជនសមាជិក ប.ស.ស នឹងទទួលបានដូចទៅនឹងមន្រ្តីរាជការដែរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។
ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល ឯកឧត្តមអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករនិយោជិតជាស្រ្តី ដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិ ភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលជាពិសេសសម្រាប់ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ក៏បាននឹងកំពុងទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្តេចតែងតែគិតគូរខ្ពស់បំផុតអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស បងប្អូនកម្មករនិយោជិត។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្តីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងមន្ទីរកិច្ចការនារីទាំង ២៥រាជធានី/ខេត្ត តំណាងអង្គការ APHEDA អង្គការ Oxfam និងតំណាងសហជីពនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណជាង ១០០នាក់៕ by SN