ក្នុងឆ្នាំនេះកសិករខេត្តបន្ទាយមានជ័យ ទទួលផលស្រូវស្រាលបានច្រើន តែតម្លៃស្រូវធ្លាក់ចុះជាងឆ្នាំមុនយ៉ាងគំហ៊ុក

ខេត្តបន្ទាយមានជ័យ៖ កសិករនៅខេត្តបន្ទាយមានជ័យឆ្នាំនេះបានជំរុញការដាំដុះស្រូវស្រាលបង្កើនរដូវដោយទទួលភោគផលស្រូវបានច្រើន ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់សម្តែងការខកចិត្តនោះរឿងតម្លៃស្រូវនៅដើម​រដូវប្រមូលផលនេះ មានការធ្លាក់ថ្លៃជាងឆ្នាំមុន ។
កសិករ ផេង វឌ្ឍនាភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័យបានឱ្យដឹងកាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា ការធ្វើស្រែឆ្នាំនេះដោយសារតែមានទឹកស្រោចស្រពគ្រប់គ្រាន់នោះបានធ្វើឱ្យដំណាំស្រូវស្រាលបង្កើនរដូវនៅក្នុងតំបន់របស់គាត់ទទួលបានទិន្នផលខ្ពស់ធ្វើឱ្យប្រជាកសិករក្នុងមូលដ្ឋានដែលប្រកបរបរកសិកម្មនេះ មានការសប្បាយចិត្តនឹងភោគផលស្រូវដែលទទួលបានច្រើន។
កសិកររូបនេះបានឱ្យដឹងទៀតថា ប៉ុន្តែអ្វីដែលជាការខកចិត្តសម្រាប់ពួកគាត់នោះ​គឺ តម្លៃស្រូវឆ្នាំនេះបានធ្លាក់ថ្លៃដោយពួកឈ្មួលដែលកំពុងដើរទិញនៅពេលប្រមូល​​ផលនេះស្រូវសើមប្រភេទ៥៤ មានតម្លៃ ៥,៤ បាត(ប្រាក់ថៃ) ក្នុង១គីឡូ​ក្រាម (ប្រហែល៦៨០រៀល) និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃពី ៧,៤​បាតទៅ ៧,៥បាត(ប្រាក់ថៃ) ក្នុង១គីឡូក្រាម (ប្រហែល៩៤០រៀល)។
ដោយឡែកកាលពីឆ្នាំទៅក្នុងរយៈពេលដូចគ្នា ស្រូវសើមប្រភេទ៥៤ មានតម្លៃពី ៦,២បាត ទៅ៦,៦បាត​(ប្រាក់ថៃ) ក្នុង១គីឡូក្រាម និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨,២បាត(ប្រាក់ថៃ) ក្នុង១គីឡូ​ក្រាម។
ការលើកឡើងស្រដៀងគ្នានេះដែរ កសិករ សុខ វ៉ាន់ថន ភេទប្រុសអាយុ៦០ឆ្នាំ បានលើកឡើងថា ការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវនេះ ធ្វើឱ្យកសិករប្រឈមនឹងការខាតខ្លាំង ព្រោះការធ្វើស្រែត្រូវចំណាយប្រាក់ច្រើន ដូច​ជាចំណាយទៅលើការភ្ជួររាស់ ថ្លៃជី ថ្លៃថ្នាំ និងពូជស្រូវជាដើម។ លោកបានបន្ដថា តម្លៃស្រូវធ្លាក់ថ្លៃដូចនេះ គួរតែតម្លៃ ជី ថ្នាំ និងពូជស្រូវ ចុះថ្លៃដូចគ្នាដែរ ទើបកសិករអាចទូទាត់ក្នុងការចំណាយបាន និងមិនទទួល​រងការបង់ខាតច្រើន។ ប៉ុន្តែផ្ទុយទៅវិញសម្ភារទាំងអស់នេះនៅតែឡើងថ្លៃដដែល ហើយតម្លៃស្រូវវិញចេះតែចុះថ្លៃ ដែលមិនអាចទទួលយកបាន។ ពាក់ព័ន្ធនឹងបញ្ហាស្រូវធ្លាក់ថ្លៃនេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានទទួលស្គាស់ពីការធ្លាក់ចុះតម្លៃស្រូវនេះ និងបានលើកឡើងថា បរិមាណធ្វើស្រែស្រូវស្រាលបង្កើនរដូវរបស់ប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១នេះ សរុបមានប្រមាណជាង ៥ម៉ឺនហិកតា។ លោកបានបន្ថែមថា ចំពោះទិន្នផលក្នុងឆ្នាំនេះ ជាមធ្យមទទួលបានជាង ៤តោន ក្នុង១ហិកតា។
លោកប្រធានមន្ទីរបានលើកឡើងថា ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃជាងឆ្នាំមុន ដោយសារតែប្រជាកសិករសម្រុកធ្វើស្រូវប្រភេទ៥៤ ច្រើនពេក និងម្យ៉ាងទៀតវាជាបញ្ហារបស់ឈ្មួញដែលដើរប្រមូលទិញតែងតែបន្ថោកតម្លៃនៅពេលរដូវប្រមូល​ផលស្រូវនេះ៕​ by AKP
អត្ថបទដែលជាប់ទាក់ទង