យប់មិញ វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨ ០០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨ ០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។

វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២ ០០០ដូស។

ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក៕


