វ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន១៣០០០ដូស សម្រាប់ចាក់ជូន កងទ័ពនិងក្រុមការងារជួរមុខ មកដល់ខេត្តបន្ទាយមានជ័យហើយ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន១៣០០០ដូស ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាក់ជូនកងទ័ព និងក្រុមការងារ ជួរមុខ ។
លោក អ៊ុំ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ថ្ងៃនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន១៣០០០ដូស តាមឧទ្ធម្ភគចក្រ ដើម្បីចាក់ដូសទី៣ ឬដូសជម្រុញ ដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ក្រោយទទួលបាននូវវ៉ាក់សាំងខាងលើនេះហើយ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជម្រុញនេះ ជូនដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្អែកនេះតទៅ ។
លោក អភិបាលខេត្ត បញ្ជាក់ថា៖សម្រាប់ខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេច ក្នុងការទទួលពលករមកពីប្រទេសថៃវិញ គឺ ខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងការបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក និងបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ១៩ ក្នុងករណីមានវិជ្ជមាន ទៅតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក អភិបាលខេត្ត បានបញ្ជាក់ទៀតថា ៖បច្ចុប្បន្នបន្ទាយមានជ័យ បាននិងកំពុងចាក់វ៉ាក់សាំងដូសទី២ ដល់ពលរដ្ឋបានជាង ២៧ម៉ឺននាក់ ហើយពេលនេះក្រុមការងារកំពុងដំណើរការចាក់ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន ២ទៀត គឺ ស្រុកថ្មពួក និងស្រុកស្វាយចេក លើពលរដ្ឋជាង ៦ម៉ឺននាក់ ៕