មេឃុំ-ចៅសង្កាត់ ស្មៀន ប្រធានមេប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ មានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋមូលដ្ឋានដែលទាមទារឱ្យមានការលើកទឹកចិត្តទាំងការពង្រឹងសមត្ថភាព រៀបចំកន្លែងធ្វើការ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានផ្តោតលើមុខសញ្ញាមនុស្សចំនួន ៤ប្រភេទ រួមមាន៖ ១ មេឃុំ-ចៅសង្កាត់ ២ ស្មៀន ៣ ប្រធានមេប៉ុស្តិ៍នគរបាលរដ្ឋបាល និង ៤មេភូមិ ដែលមានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋមូលដ្ឋានដែលទាមទាឱ្យមានការលើកទឹកចិត្តទាំងការពង្រឹងសមត្ថភាព រៀបចំកន្លែងធ្វើការ និងផ្តល់សម្ភារសម្រាប់បំពេញភារកិច្ច ។
ថ្លែងក្នុងពិធីប្រគល់រថយន្ត ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែង ចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ថា ក្រុមមនុស្សទាំង៤ ប្រភេទនេះ បានដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើការបម្រើសេវាសាធារណៈ ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះពួកគាត់ត្រូវតែមានការលើក ទឹកចិត្តឱ្យសម្ភារ និងកន្លែងធ្វើការឱ្យបានសមរម្យ ៖ “យើងត្រូវតែយកចិត្តទុកដាក់ គាំទ្រជួយពួកគាត់ ក្នុងន័យថា ធ្វើយ៉ាងម៉េចឱ្យពួកគាត់ធ្វើការ ងារបម្រើប្រជាពលរដ្ឋបានល្អ ។ ដើម្បីឱ្យគាត់ធ្វើការល្អយើងត្រូវធ្វើការណែនាំ ផ្តល់ទិសដៅ គោលការណ៍ វិធានការនានា ហើយនឹងផ្តល់មធ្យោបាយដើម្បីគាត់មានលទ្ធភាពធ្វើការ ឧទាហរណ៍ថា បើមិនទាន់មានអគារប៉ុស្តិ៍រដ្ឋបាលទេ យើងត្រូវសាងសង់” ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មុខសញ្ញានោះត្រូវ តែធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព មុននឹងឱ្យចូលធ្វើការ “ អ៊ីចឹងអ្នកទាំង អស់នេះត្រូវតែបណ្តុះបណ្តាល ស្មៀនឃុំសង្កាត់ ក៏ត្រូវបណ្តុះបណ្តាល មេឃុំ ចៅ សង្កាត់ជាប់ឆ្នោតហើយក៏ត្រូវបណ្តុះបណ្តាល បង្កលក្ខណៈសម្បត្តិឱ្យធ្វើការហើយប៉ូលីស ទាំងអស់ មកដល់ពេលនេះ អ្នកដែលចូលបម្រើការជាប៉ូលីសទាំងអស់សុទ្ធតែទទួលបាន ការបណ្តុះបណ្តាលយ៉ាងតិច ៣ខែ ”។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា មកដល់ពេលនេះ ក្នុងចំណោម ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ទូទាំងប្រទេសជិត១៧០០ យើងបានកសាងអគារប៉ុស្តិ៍រដ្ឋបាលនៅខ្វះត្រឹមតែជិត១០០កន្លែងទៀតទេ ចំណែកឯឃុំ- សង្កាត់វិញទើបតែមានអគារប្រមាណ៥០ភាគរយប៉ុណ្ណោះ ដែលមានអគាធ្វើការសមរម្យ ចំពោះភូមិ គឺមេភូមិធ្វើការតាមផ្ទះ និងយកកន្លែងវត្ត កន្លែងណាទំនេរ ដើម្បីធ្វើការប្រជុំជាដើម ពោលគឺយើងមិនទាន់មានគោលការណ៍សាង សង់អគារស្នាក់ការភូមិនៅឡើយទេ៕