អភិបាលខេត្តបន្ទាយមានជ័យ បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្តរបស់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្តចំនួន ២ទីតាំង គឺនៅសាលប្រជុំធំសាលាខេត្ត និងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត។
មន្ត្រីជួរមុខដែលទទួលបានវ៉ាក់សាំងដូសទី៣ទាំងនោះ រួមមាន៖ យោធា គ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដជាដើម។
អភិបាលខេត្តបន្ទាយមានជ័យមានលើកឡើងថា ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន១៣០០០ដូស តាមឧទ្ធម្ភគចក្រ ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាក់ជូនកងទ័ព និងក្រុមការងារ ជួរមុខ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចាក់ដូសទី៣ ឬដូសជម្រុញ ដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
លោកអភិបាលខេត្តបញ្ជាក់ថា៖វ៉ាក់សាំងដែលត្រូវចាក់ជូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច៕