រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ។
ក្នុងកិច្ចប្រជុំមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភាសភាភូមិ២ ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានធ្វើការណែនាំដល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង ស្រុក, តំណាងរាស្ត្រ ក៏ដូចជាសមាជិកព្រឹទ្ឋសភា ត្រូវចូលរួមសហការជាមួយគណៈកម្មការខេត្តប្រយុទ្ឋនឹងកូវីដ១៩ ដោយគាំទ្រ និងឧបត្ថម្ភតាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារៈ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ ដែលជាពលករ ពលការិនី មានទីលំនៅក្នុងខេត្តកំពង់ចាម ហើយត្រូវបានបញ្ជូនពីបណ្តាខេត្តជាប់ព្រំដែនមកបន្តធ្វើចត្តាឡីស័ក និងព្យាបាលនៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួនវិញ។
ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំ សូមឲ្យ ផ្អាកទទួលយកអ្នកពាក់ព័ន្ឋនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែលមិនមែនជាប្រភេទមេរោគបំប្លែងថ្មី ដែលតា មកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលក្រុង-ស្រុក ដោយបង្វែរការធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនវិញ។ ក្នុងករណីនេះ យើងត្រូវត្រៀមមណ្ឌលចត្តាឡីស័កទទួលយកពលករ ត្រឡប់មកពីប្រទេសថៃ ដែលភាគច្រើនពាក់ព័ន្ឋនឹងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា។ ព្រមទាំង ស្នើសុំបន្ថែមព័ត៌មានពីករណីមេរោគកូវីដ-១៩ ប្រភេទដែលតា ដែលខេត្តបានរកឃើញ ដើម្បីពង្រឹងយន្តការគ្រប់គ្រប់កុំឲ្យរីករាលដាលក្នុងសហគមន៏។
ជាពិសេស ត្រូវ បន្តយុទ្ឋធាការចាក់វ៉ាក់សាំងទាំងជំហានទី១ ជំហានទី២ ក៏ដូចជាដូសទី៣ (ដូសជំរុញ) ទៅតាមការណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបន្តចុះផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នាផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ឋនឹងជម្ងឺកូវីដ-១៩ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ បន្ថែមទៀតដើម្បីត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ បានជួសជុលឃ្លាំងចំនួន៣ទីតាំង ដោយទីតាំងទី១នៅក្នុងក្រុងកំពង់ចាម មាន៧អគារ អាចទទួលពលករ ៦១៧នាក់ ទីតាំងទី២. នៅស្រុកកងមាស មាន១អគារ អាចទទួលពលករ ១៣២៦នាក់ និងទីតាំងទី៣ នៅស្រុកកំពង់សៀម សម្រាប់រៀបចំជាមន្ទីរពេទ្យកំរិតស្រាលខេត្ត និងព្យាបាលអ្នកជម្ងឺដែលតា ដែលអាចដាក់អ្នកជម្ងឺបានប្រមាណ៨០០នាក់ ព្រមទាំងពង្រីកបន្ថែមចំនួន៤អគារទៀត ស្មើនឹង៣៩បន្ទប់ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចទទួលពលករមកធ្វើចត្តាឡីស័កចំនួន៣៨៣នាក់ សរុបទាំងអស់អាចទទួលបាន ១.២០០នាក់។ ឯកឧត្តមបន្តថា រហូតមកដល់បច្ចុប្បន្ននេះ ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤ ៤៨៥នាក់ ក្នុងនោះប្រភេទដែលតា មានចំនួន១៣ករណី កំពុងសម្រាកព្យាបាល ៧៧៤នាក់ ជាសះស្បើយចំនួន ៣ ៣៥៣នាក់ និងស្លាប់ ១០៣នាក់៕