Updating: លោក សួរ វីរៈ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានចាត់ទុកការបង្ក្រាបរថយន្តដឹកទំនិញរបស់លោកថាជា «ការរៀបចំធ្វើស៊ី» ក្រុមហ៊ុន
ខេត្តសៀមរាប៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ លោក សួរ វីរៈ បានឱ្យដឹងថា សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឃាត់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ១គ្រឿង និងទាមទារឱ្យបង់ផាកពិន័យជាប្រាក់ចំនួន ៣ម៉ឺនដុល្លារ ក្រោយពីរកឃើញទំនិញប្រភេទសត្វតុកកែ ៩៨៤ក្បាល ដែលជាបញ្ញើរបស់អតិថិជន។
លោក វីរៈ បានប្រាប់អ្នកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្ងៃទី១៧ ខែសីហា រថយន្តដឹកអីវ៉ាន់ ១គ្រឿងរបស់ក្រុមហ៊ុនលោក បានធ្វើដំណើរពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារក្នុងគោលដៅឆ្ពោះទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ។
លុះកំពុងធ្វើដំណើរតាមផ្លូវលេខ៦៧ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តនោះ នៅចំណុចឃុំបល័ង្ក ស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប និងបានស្នើសុំសហការបើកកេសទំនិញចំនួន២ ដែលជាបញ្ញើរបស់អតិថិជនមកពីខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យ ហើយក៏បានរកឃើញសត្វតុកកែចំនួន ៩៨៤ក្បាល។
លោកបានបញ្ជាក់ថា៖ «ក្រោយពីឆែកឃើញទំនិញនោះ ស្រាប់តែសមត្ថកិច្ចជំនាញបានតម្រូវឱ្យភាគីក្រុមហ៊ុនយើងខ្ញុំបង់ប្រាក់ពីន័យចំនួន ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តត្រឡប់មកវិញ ប៉ុន្តែក្រុមហ៊ុនយើងមិនយល់ព្រម ព្រោះទំនិញនោះមិនមែនជារបស់ក្រុមហ៊ុនយើងឡើយ ហើយយើងក៏បានសហការផ្ដល់លេខទូរស័ព្ទអតិថិជនទាំងអ្នកផ្ញើ និងអ្នកទទួលព្រមទាំងបានបង្ហាញនូវវិក្កយបត្រ ថ្លៃទទួលបញ្ញើនោះជូនសមត្ថកិច្ចអស់ហើយ»។
លោក សួរ វីរៈ បានបន្តថា សមត្ថកិច្ចបានទាមទារឱ្យភាគីក្រុមហ៊ុនតាមចាប់ម្ចាស់ទំនិញឱ្យបាន បើពុំនោះគឺត្រូវតែបង់ប្រាក់ពិន័យអន្តរការណ៍តាមច្បាប់។ ប៉ុន្តែ ការតាមចាប់ជនល្មើសមិនមែនជាសមត្ថកិច្ចរបស់ក្រុមហ៊ុន «យើងខ្ញុំ» នោះទេ។
ជាមួយគ្នានេះ លោក វីរៈ បានចាត់ទុកការបង្ក្រាបនេះថាជា «ការរៀបចំធ្វើស៊ី» ក្រុមហ៊ុន។
យ៉ាងណាក្ដី លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានច្រានចោលនូវការចោទប្រកាន់នេះ។ លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឃាត់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿងនោះគឺ បន្ទាប់ពីកម្លាំងរបស់លោកបានពិនិត្យឃើញរថយន្តនោះមានការដឹកធ្ងន់ខុសប្រក្រតី ដោយសង្ស័យមានការលួចបង្កប់ឈើប្រណីតខុសច្បាប់។
លោកថា៖ «យើងឆែកមិនឃើញមានឈើនោះទេ ប៉ុន្តែឃើញមានកេសទំនិញ ២ ធ្លាយហូរទឹកចេញមកខាងក្រៅ ដោយសង្ស័យមានបង្កប់សាច់សត្វព្រៃខុសច្បាប់យើងក៏បានស្នើសុំបើកកញ្ចប់កេសទំនិញនោះ ក៏ឃើញសត្វតុកកែ ដែលមានចំនួនសរុប ៩៨៤ក្បាល»។
លោកបានបន្តថា ក្រោយពីឆែកឆេររួច វត្ថុតាងទំនិញ និងរថយន្តត្រូវនាំយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីឱ្យម្ចាស់ទំនិញចូលខ្លួនមកដោះស្រាយបង់ពិន័យទៅតាមច្បាប់ដែលបានកំណត់។
យោងតាមច្បាប់ស្ដីពីព្រៃឈើសត្វតុកកែ ជាប្រភេទសត្វព្រៃមានដោយបង្គួរ។ ទោះយ៉ាងណាក៏ដោយនៅក្នុងជំពូក ១០ មាត្រា ៤៨ នៃច្បាប់នេះ ការចរាចរ ឬធ្វើពាណិជ្ជកម្មសត្វព្រៃ ឬសំណាកសត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញគឺជាអំពើខុសច្បាប់ ដែលត្រូវផ្ដន្ទាទោស តាមមាត្រា ៩៦ ដោយត្រូវពិន័យជាប្រាក់ពី ២ ទៅ ៣ដងនៃវត្ថុតាងពិតប្រាកដនៅលើទីផ្សារ។
លោក លី សុផា បានបញ្ជាក់ថា៖ «បើតាមតម្លៃទីផ្សារសត្វតុកកែ ១ក្បាលថ្លៃក្នុងចន្លោះពី ៥ ទៅ ១៥ ដុល្លារ ហេតុដូច្នេះម្ចាស់ទំនិញត្រូវបង់ផាកពិន័យតាមការកំណត់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ប៉ុន្តែមកទល់ពេលនេះខ្ញុំនៅមិនទាន់ទទួលបានការសម្រេចពីថ្នាក់លើថា ត្រូវកំណត់ផាកពិន័យទ្វេគុណ ឬត្រីគុណនោះទេ»៕ អត្ថបទ ភ្នំពេញប៉ុស្តិ