ក្នុងការចាក់វ៉ាក់សាំងនៅកម្ពុជា ត្រូវបានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កោតសរសើរ

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ពិសេសចាក់ជនងាយរងហានិភ័យខ្ពស់។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់បង្ការកូវីដ១៩ ហើយសមិទ្ធផលដែលទទួលបានក្នុងយុទ្ធនាការ ចាក់វ៉ាកសំាងកូវីដ.១៩ នៅប្រទេសកម្ពុជានេះ គឺជាសមិទ្ធផលមួយដែលគួរឱ្យស្ញប់ស្ញែង។ លោកស្រីបន្តថា ប្រទេសកម្ពុជា គឺជា ប្រទេសមួយនៅក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពភិពលោក ដែលបានទទួល ជោគជ័យគួរឱ្យកត់សម្គាល់ សម្រាប់ដំណើរការចាក់វ៉ាក់សំាងកូវីដ១៩ នៅកម្ពុជា។ លោកជំទាវបន្តទៀតថា មកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា ជាង ៩លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយអ្វីដែលជាការកក់សម្គាល់ ជាងនេះទៅទៀតរបស់អង្គការសុខភាពពិភពលោក គឺប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសក្រុមប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ឬជនមានហានិភ័យខ្ពស់ ពួកគាត់បានទទួលវ៉ាក់សាំងកូវីដ១៩គ្រប់ៗគ្នា។
«មានកត្តា៣សំខាន់ៗដែលកំណត់ក្នុងភាពជោគជ័យ នៃដំណើរការចាក់វ៉ាក់កូវីដ១៩ ទី១ គឺទាក់ទងនឹងការដឹកនាំដ៏ខ្លាំង របស់រាជរដ្ឋាភិបាល ដែលចំណុចនេះគឺបានធានាឱ្យមាននូវវ៉ាក់សាំងនៅក្នុងប្រទេសគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងមាន កម្មវិធីយុទ្ធនាការវ៉ាក់សាំងច្បាស់លាស់ដែលនេះគឺយុទ្ធនាការនិងយុទ្ធសាស្ត្រក្នុងការដឹកនាំដើម្បីឈានទៅដល់ប្រជាពលរដ្ឋដែលពិបាកក្នុងការទទួលវ៉ាក់សំាង។ ហើយកត្តាទី២គឺការចូលរួមរបស់ប្រជាពលរដ្ឋ ហើយយើងដឹងហើយថាប្រជាជននៅតាមប្រទេសមួយចំនួន គឺថាប្រជាពលរដ្ឋមានការរារែកនៅក្នុងការទៅទទួលវ៉ាក់សាំង ប៉ុន្តែនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺប្រជាពលរដ្ឋមានការជឿជាក់ខ្ពស់ ទៅលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ហើយបានចូលរួមយ៉ាងសស្រាក់សស្រាំ ។ហើយទី៣ គឺប្រតិបត្តិការសម្របសម្រួលបានល្អ មិនថានៅក្នុងវិស័យរដ្ឋ ក៏ដូចជាដៃគូនិងវិស័យផ្សេងផ្សេងទៀត ដូច្នេះពីកត្តាទាំង៣នេះ គឺជំរុញឱ្យមានដំណើរការជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩»។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩ ៣៨៨ ៧៣៥នាក់៕
អត្ថបទដែលជាប់ទាក់ទង