ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដឹកនាំកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដឹកនាំកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ទាក់ទងនឹងគម្រោងរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃសម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនាឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាពិសេសក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា និងបានបន្ថែមថា៖ បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបពិតជាផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានអភិវឌ្ឍវិស័យដឹកជញ្ជូនឱ្យមានការរីកចម្រើន ដែលរួមមានដូចជាឡានដើរដោយថាមពលអគ្គិសនីកំពុងមានការប្រើប្រាស់នាពេល បច្ចុប្បន្ននេះជាដើម។

ឯកឧត្តមអគ្គនាយក បានកត់សម្គាល់ថា៖ ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃឱ្យមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនដែលយើងកំពុងប្រឈមនា បច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះឱ្យបានជោគជ័យ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) នេះ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយរួមគ្នាអនុវត្តឱ្យមានបានជោគជ័យ។

សូមជម្រាបជូនថា៖ សាធារណរដ្ឋកូរ៉េ បានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ(Official Development Assistance) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់វិស័យដឹកជញ្ជូន កម្ពុជា ដោយមានការចូលរួមសហការពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់នៅបរទេសរបស់កូរ៉េផងដែរ។

ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ(ITS – Intelligent Transport System) គឺជាបច្ចេកវិទ្យាទំនើប អាចប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ក្នុងពេលវេលាជាក់ស្តែង មិនបង្កផលប៉ះពាល់បរិស្ថាន និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានយកមកវិភាគ និងជួយឱ្យដំណើរការចរាចរណ៍ប្រព្រឹត្តទៅដោយរលូន។

គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទោះបីស្ថិតនៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕


