រដ្ឋបាលខេត្តកណ្ដាល គ្រោងកំណត់យកតំបន់មេទឹកក្នុងឃុំទឹកវិលស្រុកស្អាងសម្រាប់ធ្វើទីលានចាក់សំរាម ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក
ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកស្អាង ចុះពិនិត្យទីតាំងសម្រាប់ធ្វើទីលានចាក់សំរាមនិងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងសំរាម សំណល់រឹងនិងប្លាស្ទិកក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក។
ទីតាំងនេះស្ថិតនៅតំបន់មេទឹកព្រែករាំង ក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក គឺពិតជាសារៈសំខាន់ណាស់ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក មិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនោះទេវានឹងបណ្ដាលឱ្យយើងជួបនូវបញ្ហាប្រឈមនឹងព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាព។
ឯកឧត្តម ប្រាក់ សំអឿន បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ហើយការប្រែប្រួលប្រើប្រាស់សំរាម សំណល់រឹងនិងប្លាស្ទិកមានការកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ។ហើយតម្រូវឱ្យយើងទាំងអស់គ្នាត្រូវធ្វើការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តង់ដាបច្ចេកទេស។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រាក់ សំអឿន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានខេត្តជា ពិសេសអាជ្ញាធរភូមិឃុំត្រូវធ្វើការផ្សព្វផ្សាយអប់រំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យធ្វើការទុកដាក់និងបែងចែកសំរាមទៅតាមប្រភេទនីមួយៗដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងធ្វើការកែច្នៃសំរាមឱ្យមានប្រសិទ្ធភាពផងដែរ។
មានប្រសាសន៍នាឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះគឺជាទីតាំងសមស្របដែលអាចធ្វើជាទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ស្របតាមលក្ខណៈបច្ចេកទេស។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត ក៏បានយល់ព្រមធ្វើការនៅលើទំនប់ដើម្បីការពារទឹកជំនន់ នៅជុំវិញបរិវេណទីលានចាក់សំរាមនេះផងដែរ៕ (សភារាជ)