អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួនជាង៣០០០កញ្ចប់ របស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវបានប្រគល់ជូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្ដល់ជូនបន្តទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់ ៣០៥២កញ្ចប់ ដែលក្នុង១កញ្ចប់មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ។
ឯកឧត្តម បានបញ្ជាក់ថា ភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ធំ ចូលក្នុងព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ ។
ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ។
ឯកឧត្តម បញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ ៦៨នាក់ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩អោយកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសនោះ បានមានប្រសាសន៍ ថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្តម ហ៊ុន ម៉ានី ក៏នៅតែជំរុញឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា កូវីដ-១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាន។
ឯកឧត្តម បញ្ជាក់ផងដែរថា ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះ គឺជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវ ព្រមទាំង សប្បុរសជន ហើយនេះ មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕