លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកស្ទោង និងលោក លោកស្រី ជាសមាជិកសមាជិកា អញ្ជើញចុះសួរសុខទុក្ខគ្រួសារ លោក ភីម ហេង និងភរិយាដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង
ខេត្តកំពង់ធំ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកស្ទោង និង លោក លោកស្រី ជាសមាជិក សមាជិកាជាច្រើនរូបទៀតបានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ លោក ភីម ហេង និងអ្នកស្រី ជីម ធីតា រស់នៅ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង កាលពីវេលារសៀលម៉ោង ១ៈ៤៥នាទី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ គួរអោយសង្វេគបំផុត។
ក្នុងឱកាសនេះលោកបានសំដែងនូវសមានុចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខជាមួយម្ចាស់ផ្ទះ លោកបានបញ្ជាក់បន្ថែមថា ហេតុការណ៍ដ៏សោកសង្រេងនេះមិនមាននរណាម្នាក់ចង់ជួបចង់ប្រទះនោះទេដូចពាក្យចាស់លោកពោលថា ស៊ូស្លាប់បា កុំឲ្យស្លាប់មេ លិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។
ចុងបញ្ចប់លោកអភិបាលស្រុកបានអំពាវនាវដល់ពុកម៉ែបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាអគ្គីភ័យនេះត្រូវយកចិត្តទុកដាក់លើភ្លើងធូប ទៀន ចង្ក្រាន ប្រព័ន្ធអគ្គីសនីឲ្យបានម៉ឺងម៉ាត់បំផុត មុននឹងចាកចេញក្រៅផ្ទះ។
គួបញ្ជាក់ផងដែថាផ្ទះដែលរងការខូចខាតនេះធ្វើពីថ្ម ទំហំ ៨ម៉ែត្រគុណនឹង៣៣ម៉ែត្រ ត្រូវបានខូចខាតទាំងស្រុង និងមានការខូចខាត កំព្យូទ័រ ២០គ្រឿង ព្រីនធ័រ ១២០គ្រឿង ទូរកញ្ចក់ដប់ គ្រែគេងពីរ និងសម្ភារមួយចំនួនធំទៀត ហើយក្នុងថ្ងៃកើតហេតុនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ាង ហ៊ល ស្នងការរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ប្រើទឹកអស់ ១១ឡាន និងកងកម្លាំងចម្រុះចំនួន ៤៩នាក់ហើយ មូលហេតូនៃកាឆេះនេះគឺ ដោយសារឆ្លងចរន្តអគ្គីសនី។
លោក សាយ គឹមឡម ក៏បានផ្តល់ជូនដល់ម្ចាស់ផ្ទះនូវ អង្ករ១០០គក មី ២កេះ ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មុង២ កន្ទេល២ ទឹកសុទ្ធ ២យួរ និងថវិកា ១ ០៥០ ០០០៛ ៕