ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១

នៅព្រឹកថ្ងៃអង្គារ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅពីចំងាយ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងសមាជិកលេខាធិការដ្ឋាន សរុបចំនួន ៤៥រូប ។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ជាពិសេសបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ព្រមទាំងអង្គប្រជុំ ក្នុងនោះ ឯកឧត្តម ក៏បាន លើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនផងដែរ៕ អរគុណសន្តិភាព


