សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ដល់វត្តចំនួន១១ នៅក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទខេត្ត និងឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ មាស សន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បាននាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប រួមមាន៖ ទី១. វត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប, ទី២. វត្តយាង ស្ថិតក្នុងស្រុកពួក, ទី៣. វត្តទេវ: ស្ថិតក្នុងស្រុកបន្ទាយស្រី, ទី៤. វត្តគោកចាន់ ស្ថិតក្នុងស្រុកប្រាសាទបាគង, ទី៥. វត្តវេឡុវ័នដោកពោយគោកក្រោល ស្ថិតក្នុងស្រុកស្រីស្នំ, ទី៦. វត្តដំណាក់ស្ដេច ស្ថិតក្នុងស្រុកអង្គរជុំ, ទី៧. វត្តសុវណ្ណបុទុម ស្ថិតក្នុងស្រុកវ៉ារិន, ទី៨. វត្តស្លាត ស្ថិតក្នុងស្រុកអង្គរធំ, ទី៩. វត្តមុទ្យាន ស្ថិតក្នុងស្រុកសូទ្រនិគម, ទី១០. វត្តគោកធ្លក ស្ថិតក្នុងស្រុកជីក្រែង និង ១១. វត្តបឹងមាលា ស្ថិតក្នុងស្រុកស្វាយលើ ដែលកម្មវិធីប្រគេនទេយ្យវត្ថុនេះ បានរៀបចំឡើងនៅក្នុងវត្តរាជបូរណ៍ ក្រុងសៀមរាប។

លោកជំទាវ មាស សន បានមានប្រសាសន៍ថា ការប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យនេះ ដោយឃើញពីការលំបាករបស់ព្រះសង្ស ដែលមិនអាចចេញបិណ្ឌបាត្រនៅក្នុងបរិបទកូវីដ-១៩ និងមើលឃើញថាមានប្រជាពលរដ្ឋនៅខេត្តសៀមរាប ភាគច្រើនត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយមិនបានចេញក្រៅ និងមិនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តដូចធម្មតា ខណ:ដែលពុទ្ធបរិស័ទ ក៏កំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតស្រាកស្រាន្តនៅឡើយ ធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជ: និងបច្ច័យ សម្រាប់ផ្គត់ផ្គង់ក្នុងវត្ត ជាពិសេសវត្តដែលបានបើកសាលាពុទ្ធិកសិក្សាតែម្តង។ លោកជំទាវបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងបន្តប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿង ឧបភោគ បរិភោគ និងបច្ច័យ ជាបន្តបន្ទាប់ដល់វត្តចំនួន១០ទៀតនៅក្នុងក្រុងសៀមរាប ដែលបានបើកសាលាពុទ្ធកសិក្សាផងដែរ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណ:ថ្នាក់ទោ និងជាព្រះគ្រូចៅអធិការវត្តរាជបូរណ៌ មានសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានមកវត្ត ដោយសារប្រយ័ត្នប្រយែង និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយនៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្តធ្វើបុណ្យប្រគេន ចង្ហាន់ ឬទេយ្យទានច្រើនដូចមុនៗ ធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ ក៏ត្រូវសម្រួលបន្សាំទៅតាមសភាពការណ៍ផងដែរ។ ជាមួយគ្នានេះ ព្រះមហាវិមលធម្ម ពិន សែម ក៏បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ និងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ស នៅតាមវត្តដែលបានបើកសាលាពុទ្ធិកសិក្សានាពេលនេះ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ចំពោះទឹកចិត្តជ្រះថ្លា ដែលបានចូលរួម ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាល:ទេស: ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ នេះ។

សូមជម្រាបថា ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ ទៀនវស្សា ១គូរ, អង្ករ ១៥០គ.ក្រ, មី ១០កេស, ត្រីខ ១០យួរ, ត្រងៀត ៣គីឡូក្រាម, សាច់ក្រក ៣គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, ទឹកបរិសុទ្ធ ១០យួរ, ប្រេងឆា ៥លីត្រ, ម្សៅស៊ុបខ្ន ៣គីឡូក្រាម, មីសួ ៣គ.ក្រ, ស្ករស ៣គ.ក្រ, អំបិល ២គ.ក្រ, តែ ១គ.ក្រ, នំធុង ១ធុង, ម៉ាស់ ៣ប្រអប់, អាស់កុល ៤ដប ,ចង្ហាន់១ស្រាក់ និងបច្ច័យ ៨០ម៉ឺនរៀល៕ អរគុណសន្តិភាព​ by AKP

អត្ថបទដែលជាប់ទាក់ទង