រដ្ឋបាលខេត្តកណ្តាល ប្រគល់ផ្លែមៀនប៉ៃលិន និងសម្ភារប្រើប្រាស់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១

ខេត្តកណ្តាល៖ នៅថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និង ផ្លែមៀនប៉ៃលិន(តាង៉ែន) ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តា​ឡីស័ក នៅក្នុងមណ្ឌល តាមបណ្ដាក្រុង-ស្រុក និងចែកជូនក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានា។
ឯកឧត្ដម គង់ សោភ័ណ្ឌ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ក្នុងការផ្តល់នូវអំណោយជាច្រើនបន្តបន្ទាប់ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត់ត្រា ដែលបានឧបត្ថម្ភ ផ្លែមៀនប៉ៃលិន ចំនួន ១២តោន ជូនដល់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃនេះ និងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ ។
ឯកឧត្ដម បានឱ្យដឹងថា អំណោយដែលបានផ្ដល់ជូនក្រុង-ស្រុកនាព្រឹកនេះ គឺក្រុង-ស្រុកនីមួយៗទទួលបាន អង្ករ០៣តោន ទឹកស៊ីអ៊ីវ ៣០០យួរ មី១០០កេស ត្រីខកំប៉ុង ១០០យួរ ម៉ាស ៣កេសធំ និងផ្លែតាង៉ែន ចំនួន ១តោន ផងដែរ។
ឯកឧត្តម អភិបាលខេត្តកណ្ដាល បានសម្ដែងនូវការកោតសរសើរ ដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាល​ដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមក នៅក្នុងខេត្តកណ្ដាល ។
ពិសេសការជួយដល់ប្រជាពលរដ្ឋ ដែលបានឆ្លងនូវជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
ឯកឧត្ដម ក៏បានស្នើដល់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ។ ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ ៣ការពារ និង ៣កុំ ដោយត្រូវធានាថា ការងារទទួលបានជោគជ័យ មន្ត្រីក៏មានសុវត្ថិភាព ចៀសផុតពីជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង