ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីលក្ខណ:ពិសេសដែល កម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយ តែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ ។
នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធធ្វើពេញ១ថ្ងៃ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វាគ្មិនសំខាន់ៗ ដែលបានអញ្ជើញចូលរួម បានធ្វើបទបង្ហាញដោយលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ឱសថបណ្ឌិត អតីត ព្រឹទ្ធបុរស មហា វិទ្យាល័យឱសថសាស្ត្រ និងជាសាស្ត្រាចារ្យមហាបរិញ្ញា នៃ សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជា ប្រធានកិត្តិយស នៃសមាគមនារីសាខា ក្រសួងព័ត៌មាន បានពន្យល់ បកស្រាយនូវរាល់វិធានការ ការពារ ទប់ស្កាត់ ការព្យាបាល និងវិធីសាស្រ្តនានាជាច្រើន ជាពិសេស ការលើកទឹកចិត្តដល់គ្រួសារ បងប្អូនដែលឆ្លងជំងឺកូវីដ ហើយត្រូវតែ ប្រឹងប្រែងអនុវត្តន៏ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការហាត់ប្រាណជាប់ជា ប្រចាំ និងកុំអោយមានការបាក់ទឹកចិត្តអោយសោះ ។
អង្គសិក្ខាសាលា ក៏មានការបកស្រាយសំណួរ និងចម្លើយ ដោយ លោកជំទាវ ខៀវ ទេព រង្សី កាញារីទ្ធ និង លោកជំទាវ វេជ្ជបណ្ឌិត ឈឹម ការ៉ែនណា ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយលោកជំទាវក៏ជា សមាជិកកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន។
នៅក្នុងឱកាសនោះដែរ មន្រ្តីក្រសួងព័ត៌មានម្នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន និងអាការៈផ្សេងៗ នៅមុនពេលកើត និងពេលកើត ក្នុងពេលព្យាបាល ក្នុងនោះ គឺត្រូវលេបថ្នាំឲ្យបានទៀងទាត់ ហាត់ប្រាណ បរិភោគអាហារឲ្យបានច្រើនមានកំលាំងរឹងមាំ ពិសេសបានទទួលការលើកទឹកចិត្តពីបងប្អូន និងថ្នាក់ដឹកនាំ មន្រ្តីដែលបំពេញការងារជាមួយគ្នា រហូតបានជាសះស្បើយ។
បន្ទាប់ពីលោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន ធ្វើរបាយការណ៍ បូកសរុបលទ្ធផលនៃអង្គសិក្ខាសាលារួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍វាយតំលៃខ្ពស់ ចំពោះសមាគមនារីក្រសួងព័ត៌មាន ដែលមានគំនិតរៀបចំជាសិក្ខាសាលានេះឡើង ដើម្បីឲ្យទាំងអស់គ្នាបានយល់កាន់តែច្បាស់ ថាជំងឺកូវីដ-១៩ នេះវាយ៉ាងមិច ហើយធ្វើការជៀសឲ្យបានកុំឲ្យឆ្លង ។
ទន្ទឹមនឹងនេះ ក៏ជាបទពិសោធន៍ទទួលបាន ហើយផ្សព្វផ្សាយឲ្យអ្នកនៅជុំវិញខ្លួនយើង បានយល់ពីការឆ្លងនៃជំងឺកូវីដ និងវិធានការការពារ ព្យាបាល ក្នុងកំរិតស្រាលដោយខ្លួនឯង។
ទាក់ទងបញ្ហាកូវីដនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជា មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានទំនាក់ទំនងល្អជាបុគ្គល និងជាអន្តរជាតិ ទើបកម្ពុជា ទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដើម្បីយកមក ចាក់បានយ៉ាងច្រើនដល់ប្រជាជន រហូតឥឡូវនេះ កំពុងចាក់ដូសទី៣ ដល់ក្រុមជួរមុខបន្ថែមទៀត។
នៅលើពិភពមានតែប្រទេសពីរទេ ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ គឺប្រទេស អ៊ីស្រាអែល និងប្រទេសកម្ពុជា ដែលបានទិញវ៉ាក់សាំងបានលឿន និងរហ័សជាងគេ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីទិញវ៉ាក់សាំង មកចាក់ជូនប្រជាជន ប្រមុខរាជរដ្ឋាភិបាល បានចំណាយថវិកា អស់រាប់រយលានដុល្លារ ក្នុងការជួយឧបត្តម្ភដល់ កម្មករ កម្មការនីរោងចក្រកាត់ដេរ ដែលជួបការលំបាក រួមទាំងប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាព ខ្វះខាតដោយសារវិប្បត្តិជំងឺកូវីដ នាពេលកន្លងមកនេះផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងតាមបណ្តាមន្ទីរព័ត៌មាន រាជធានី.ខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានរៀបចំចងក្រងសៀវភៅរបស់ក្រសួងព័ត៌មានមួយ ដែលនិយាយអំពីយុទ្ធនាការប្រយុទ្ធតទល់ និងជំងឺកូវីដ-១៩ ដែលចង់បញ្ជាក់ថា មិនមែនត្រឹមតែក្រុមគ្រូពេទ្យអាវស នោះទេ គឺមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផងដែរ។
ជាការផ្តល់ជាកិត្តិយសលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងវាគ្មិន ដែលបានចូលរួមក្នុងសិក្ខាសាលានាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនបាច់ផ្កា និងលិខិតថ្លែងអំណរគុណ ជូនលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន និងលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា លោកជំទាវ សន ម៉ារ៉ាដា លោកជំទាវ ឈឹម គានណា លោកជំទាវ ឡងឌី សាន់ណារ៉ា និងលោកជំទាវ ម៉ម ដាត្ថាលីណែត ៕ អរគុណសន្តិភាព