យុវវ័យក្នុងខេត្តសៀមរាប ថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្តល់វ៉ាក់សាំងចាក់ការពារការឆ្លងជំងឺកូវីដ-១៩ ដល់ក្មេងជំទង់មានអាយុពី១២ ដល់១៧ឆ្នាំ

ខេត្តសៀមរាប៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់ នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។

ពួកគាត់បានឲ្យដឹងទៀតថា នេះជាសក្ខីភាពមួយ ក្នុងចំណោមសក្ខីភាពជាច្រើន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្ដទុកដាក់លើកុមារ និងយុវវ័យ ដែលជាទំពាំងស្នងឫស្សី ខណ:ពេលដែលជំងឺកូវីដ-១៩ កំពុងធ្វើការរាតត្បាតជាសកលនោះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចកុមារ និងយុវវ័យដែលកំពុងប្រឈម​នឹងការឆ្លងជំងឺដ៏កាចសាហាវនេះ។

ពួកគាត់បានលើកឡើងបែបនេះ នៅឱកាសដែលពួកគាត់បានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩ នៅក្នុងមណ្ឌលសុខភាពសង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-​១៩ ដូសទី១ សម្រាប់កុមារនេះ មានរយ:ពេល១៤ថ្ងៃ ហើយនៅទូទាំងខេត្ត មានកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ប្រមាណជាង ១២ម៉ឺននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅតាមទីតាំងដែលបានរៀបចំទុកចំនួន ២២កន្លែង នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះនៅមណ្ឌលសុខភាពចំនួន ១៧កន្លែង និងនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន ៥កន្លែង។

ក្នុងរយ:ពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហានេះ មានកុមារ និងយុវវ័យ ចំនួន ១៤ ២៦៧​នាក់​ បានទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសទី១ រួចហើយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវ​នាវ​ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្ម និង បង្កលក្ខណ:គ្រប់បែបយ៉ាង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ពិសេសសូមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល នៃកុមារទាំងអស់ សូមនាំកូនៗរបស់ខ្លួនមកទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងការពារការឆ្លងជំងឺនេះ ព្រោះការទប់ស្កាត់បាន ឬមិនបាន គឺផ្តើមចេញ​ពីស្មារតីទទួលខុសត្រូវ នៃបុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ នៅក្នុងសង្គមជាតិទាំងមូល៕ ​by AKP

អត្ថបទដែលជាប់ទាក់ទង