ក្រុមប្រតិភូកីឡាករពិការកម្ពុជា បង្ហាញវត្តមានកិត្តិយសជាតិក្នុងពិធីបើក ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន
តូក្យូ៖ ក្រុមប្រតិភូ និងកីឡាករពិការកម្ពុជាបានចូលរួមពិធីបើកប៉ារ៉ាឡាំពិក (Tokyo 2020 Paralympic Games) ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីយប់ថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានដង្ហែក្បួនកាន់ទង់ជាតិកម្ពុជា និងបានបង្ហាញកិត្តិយសជាតិ នៅក្នុងពិធីបើកដ៏អធិកអធម នៃការប្រកួតកម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ។
នៅលើរទេះរបស់កីឡាករជម្រើសជាតិពិការកម្ពុជា វ៉ាន វ៉ុន មានដងទងជាតិកម្ពុជា និងនៅលើដៃរបស់នាយបេសកកម្ម លោក យី សុភ័ក្ត្រា ក៏បានកាន់ទង់ជាតិក្រវីបក់ជាមួយនឹងក្តីរីករាយ ក្នុងការបង្ហាញពីការចូលរួមរបស់វិស័យកីឡាជនពិការព្រះរាជាណាចក្រកម្ពុជា នៅក្នុងចំណោមប្រទេសនានាលើពិភពលោក និងម្ចាស់ផ្ទះជប៉ុន។ ក្រុមប្រតិភូ និងកីឡាករដែលមានពីររូបក្នុងព្រឹត្តិការណ៍នេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីប្រមុខរាជរដ្ឋាភិបាលលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានលើកឡើងនៅលើផេកផ្លូវការរបស់ខ្លួនថា «វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ (កម្រិតពិការភាព T-54) ហើយខ្ញុំរីករាយ ដែលបានឃើញអត្តពលិក ដែលមានទំនាក់ទំនងជាមួយជប៉ុននឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់ នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ»។ ឯកឧត្តមជឿជាក់ថា «យើងមិនត្រឹមតែរំភើបចិត្តដោយការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រជាច្រើន ដូចជា ភាពសម្បូរបែបនៃគុណតម្លៃនៅក្នុងសង្គមរបស់យើង និងសារៈសំខាន់នៃការបន្តការព្យាយាមជាដើមផងដែរ»។ ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។ វាត្រូវបានគេប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តង នៅទីក្រុងដដែល ដូចនឹងកីឡាអូឡាំពិកដែរ។