សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះ ត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរំឭកដល់ជនរួមជាតិទាំងអស់ថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន។ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យយើងអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញនូវរូបភាពអនុស្សាវរីយ៍ចាស់ៗជាច្រើនសន្លឹក ពាក់ព័ន្ធនឹងជីវិតសម្តេច និងគ្រួសារកាលពីអតីតកាល ក្នុងដំណាក់កាលដែលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកវេទនា ពេលទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ និងបន្តញាំញីដោយសង្គ្រាមស៊ីវិល។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើឱ្យសម្តេចខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍន៍ដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិ និងប្រជាជនដ៏កម្សត់របស់យើង។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្តិភាពពេញលេញ ក្រៅពីពន្លត់នូវភ្លើងសង្គ្រាម រកមកនូវសុខសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានកសាងនូវមរតកដ៏ធំធេងសម្រាប់ជាតិ និងប្រជាជន តាមរយៈការជំរុញខឿនសេដ្ឋកិច្ចជាតិ កសាងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ រស់ក្នុងសេចក្តីថ្លៃថ្នូរដូចជាតិសាសន៍ ដទៃលើពិភពលោក ផ្ទុយស្រឡះពីជីវិតក្នុងរបបប្រល័យពូជ សាសន៍ ដែលជីវិតជាទាសករគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់៕ អរគុណសន្តិភាព