សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤២

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលតួនាទីជាប្រធានប្តូរវេន AIPA ពីប្រធានរដ្ឋសភាព្រុយណេ
មហាសន្និបាតប្រចាំឆ្នាំនៃវេទិកាអន្តរសភាអាស៊ានហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃមក។

មុនបិទបញ្ចប់តួនាទីរបស់ខ្លួន ឯកឧត្តម ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាត AIPA លើកទី៤២ និងជាប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេ បានប្រគល់តួនាទីប្រធានអាយប៉ា លើកទី៤៣ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ដោយសារមហាសន្និបាតលើកទី៤២ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការផ្ទេរតួនាទីប្រធានប្តូរវេន អាយប៉ា ជូនសម្តេចអគ្គមហាញាចក្រី ហេង សំរិន ធ្វើឡើងតាមរយៈឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រទេសព្រុយណេ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួលញញួរអាយប៉ា ពីឯកឧត្តម ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប។

ឯកឧត្តម ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ក៏ដូចជាសមាជិកអាយប៉ាទាំងអស់មានក្តីសោមនស្សជាទីបំផុតចំពោះការប្តូរវេនប្រធានអាយប៉ាដល់សភាកម្ពុជា និងមានជំនឿមុតមាំថា ថាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នឹងកាន់តែទទួលបានសមិទ្ធផលធំធេងថែមទៀតនៅក្នុងការលើកកម្ពស់យន្តការសភា និងជំរុញកិច្ចសហប្រតិបត្តិការ សាមគ្គីភាពរវាងអាស៊ាន និងអាយប៉ា កាន់តែជិតស្និទ្ធ សំដៅដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកប្រកបដោយប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរដល់ក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសព្រុយណេដារ៉ូសាឡាម ដែលបានរៀបចំមហាសន្និបាតអាយប៉ា លើកទី៤២ តាមប្រព័ន្ធវីដេអូ ប្រកបដោយជោគជ័យ ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ យ៉ាងណាក្តី។

ក្នុងនាមសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច សូមទទួលយកការទទួលខុសត្រូវក្នុងនាមជាប្រធានអាយប៉ាប្តូរវេន ពីឯកឧត្តម ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេ។

សម្តេចបានជម្រាបជូនគ្រួសារអាយប៉ាថា មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី១២ ដល់១៦ ខែកញ្ញា ឆ្នាំ២០២២ ហើយសម្តេចមានជំនឿថា គ្រួសារអាយប៉ាអាចនឹងជួបគ្នាដោយផ្ទាល់នៅលើទឹកដីដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា ដោយសារពេលនោះ ជំងឺកូវីដ-១៩ អាចនឹងត្រូវបានគ្រប់គ្រង និងសាបរលាបពីពិភពលោកនេះ។

ជាការកត់សម្គាល់ពីរឆ្នាំហើយ ដែលមហាសន្និបាតអាយប៉ារៀបចំតាមប្រព័ន្ធវីដេអូដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ អន្តរសភាអាស៊ាន (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ វេទិកាសភានេះ ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ អន្តរសភាអាស៊ាន រៀបចំមហាសន្និបាតរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេស តាមអក្សរឡាតាំង។

ក្នុងឋានៈជាប្រធានអាយប៉ាលើកទី៤៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា សភាកម្ពុជា រង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ា ព្រមទាំងបណ្តា ប្រទេសជាដៃគូនានា ដើម្បីបន្តពង្រឹងការងារល្អរបស់យើង និងធានាឱ្យសម្រេចបាននូវចក្ខុវិស័យ និងបំណងប្រាថ្នារួមរបស់អាស៊ាន ជាពិសេសការសម្រេចឱ្យបាននូវសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល៕
