អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកសេចក្ដីថ្លែងការណ៍ក្រុមអង្គការសង្គមស៊ីវិលទាំង៦០ កំពុងមានចរិតនយោបាយ និងគ្មានភាពទទួលខុសត្រូវ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តី បារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជានោះ ឯកឧត្ដម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជារបស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវីលមួយក្តាប់តូចនេះ។ ការគូសបញ្ជាក់របស់ឯកឧត្ដមអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងតាមរយៈផេកហ្វេកប៊ុកផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
បើតាមឯកឧត្ដម ជិន ម៉ាលីន តាំងពីដំបូងមក ក្រុមសង្គមស៊ីវីលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវីយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំនៅក្នុងឆ្នាំ២០១៩។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ស្ថាប័ននេះ មិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួមសហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យនិងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង”។
ជាមួយគ្នានេះ ឯកឧត្ដមបានបន្ដថា សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើលនិងពិនិត្យផ្តល់យោបល់មកវិញទេ បែរជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា ការបង្ហាញក្តីបារម្ភរបស់ពួកគេ ពីគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអាណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើលនិងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។
ឯកឧត្ដមបានអះអាងថា សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈនិងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា។
សូមជម្រាបថា អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ដីធ្លីចំនួន ៦០ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយ ទាមទារឱ្យរាជរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញនៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ៕ by AKP(ដោយ ប៊ុនរិទ្ធ)