ការស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញនឹងបញ្ចប់អោយអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់
ភ្នំពេញ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារ ប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ សកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់អោយអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
ប្រឡាយទឹកដែល ក្រុមការងារបានអនុវត្តរួចរាល់និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។
ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់ ១០០ភាគរយហើយ ។
ប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននឹងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយមានប្រវែងជាង១៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ។
ប្រឡាយមេម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី ២០ម៉ែត្រទៅ ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។
ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារបានស្តារ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
ការស្តារប្រឡាយមេបឹងទំពន់ ដែលមានប្រវែង ៣៧១០ម៉ែត្រទទឹង ៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង ១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
ស្តារព្រែកអូរខ្សាច់ ដែលមានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ។ ប្រឡាយនេះមានតួនាទីរំដោះទឹកចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោកតែម្ដង។
ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ។
ការស្តារប្រឡាយមេបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ការងារកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបានបញ្ចប់កាលពថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១កន្លងមក៕