ចាប់តាំងពីមានការជម្លៀសប្រជាជនចេញមក មនុស្សប្រមាណ ៥០នាក់ហើយបានស្លាប់នៅអាកាសយានដ្ឋានកាប៊ុល
យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុល លោក Dmitry Zhirnov បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ជាមួយបណ្តាញសារព័ត៌មាន Rossiya-24 កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មនុស្សប្រមាណ ៥០នាក់បានស្លាប់នៅអាកាសយានដ្ឋានកាប៊ុល ចាប់តាំងពីយោធាអាមេរិកបានចាប់ផ្តើមជម្លៀសជនស៊ីវិលមក។
លោកបាននិយាយថា «អាកាសយានដ្ឋាននៅទីក្រុងកាប៊ុលមានភាពរញ៉េរញ៉ៃ។ ជនជាតិអាមេរិកពិតជាមិនអាចធានាអ្វីបានឡើយ។ ពួកគេមានអ្នកស្លាប់ និងរបួសនៅទីនោះ ព្រោះប្រជាជនសាមញ្ញប្រមាណ ៥០នាក់បានស្លាប់រួចទៅហើយ»។
កាលពីថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសថា ប្រតិបត្តិការយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននឹងត្រូវបញ្ចប់ ដែលវាបានជំរុញឱ្យក្រុមតាលីបង់ (ក្រុមខុសច្បាប់នៅរុស្ស៊ី) បង្កើនប្រតិបត្តិការវាយលុយដ៏ធំមួយដើម្បីគ្រប់គ្រងប្រទេសនេះឡើងវិញ។ កាលពីថ្ងៃទី១៥ ខែសីហា ក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយលុកចូលទីក្រុងកាប៊ុលដោយមិនមានការប្រឆាំងណាមួយឡើយ។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស។
អនុប្រធានាធិបតី លោក Amrullah Saleh បានប្រកាសខ្លួនលោក ជា «ប្រធានាធិបតីចាំផ្ទះ» ហើយបានអំពាវនាវឱ្យមានការតស៊ូប្រដាប់អាវុធដែលដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់មេបញ្ជាការទ័ពព្រៃដ៏ល្បីឈ្មោះ លោក Ahmad Shah Massoud (១៩៥៣-២០០១) នៅក្នុងខេត្ត Panjshir ។
បណ្តាប្រទេសលោកខាងលិចកំពុងដំណើរការជម្លៀសពលរដ្ឋ និងបេសកកម្មការទូតរបស់ខ្លួន។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា តាមបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរៀបចំការជម្លៀសប្រជាជនរុស្ស៊ី ជនជាតិអ៊ុយក្រែន និងពលរដ្ឋជាង ៥០០នាក់នៃរដ្ឋជាសមាជិក CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម) តាមយន្តហោះដឹកជញ្ជូនយោធាចំនួន ៤គ្រឿង៕ by AKP