ខេត្តព្រះវិហារបិទខ្ទប់ តំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ និងការកំណត់ជា«តំបន់ក្រហម»

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ ក្នុងការបន្តបិទខ្ទប់តំបន់ដែលបានរកឃើញ ឆ្លងជំងឺកូវីដ១៩ និងក៏បានកំណត់ជា«តំបន់ក្រហម» និងការដាក់ចេញបន្តអនុវត្តវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី២៦សីហាឆ្នាំ២០២១ ដើម្បីបន្តយន្តការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងក៏ដើម្បីធានាបាននូវសុខុមាលភាព ជូន ប្រជាពលរដ្ឋផងដែរ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី២៦សីហាឆ្នាំ២០២១ បានដាក់ចេញបន្តការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្នរយៈពេល ៧ថ្ងៃ( ១សប្តាហ៍ )ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីស១៩ ប្រភេទ Delta ដោយចាប់អនុវត្តពីថ្ងៃទី២៧សីហា ដល់ថ្ងៃទី២កញ្ញាឆ្នាំ២០២១ ។

នៅក្នុងរយៈពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននេះ ត្រូវបានហាមឃាត់ ការធ្វើសកម្មភាពមុខរបរ និងអាជីវកម្ម ក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ស្ទីម សូណា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ជាដើម។ល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ក៏បានសម្រេចបន្តបិទខ្ទប់ជាបណ្តោះអាសន្ន «ផ្សារកំពង់ប្រណាក» ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ មានរយៈពេល ១សប្តាហ៍ទៅមុខទៀតផងដែរ ដោយចាប់អនុវត្តពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តទៅ។
ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ផ្សារនេះត្រូវបានអាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ៤ដងហើយ ទាំងលើកនេះ។
នៅថ្ងៃទី២៦សីហាឆ្នាំ២០២១ដដែល រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ១២៧/២១ សសរ សម្រេចបន្តការបិទខ្ទប់ និងកំណត់ភូមិកំពង់ចម្លងស្ថិតនៅក្នុង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារជា «តំបន់ក្រហម» ដែលមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ១សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៧សីហា រហូតដល់ថ្ងៃទី២កញ្ញាឆ្នាំ២០២១។ ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះវិហារក៏បានសម្រេចបិទខ្ទប់និងកំណត់ជា«តំបន់ក្រហម» នៅភូមិគូលែនជើង ឃុំគូលែនជើង និងភូមិគូលែនត្បូង ឃុំគូលែន ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងរយៈពេល២សប្តាហ៍«១៤ថ្ងៃ» ចាប់ពីថ្ងៃទី២៦សីហា រហូតដល់ថ្ងៃទី៨កញ្ញាឆ្នាំ២០២១ផងដែរ ។
រដ្ឋបាលខេត្តព្រះវិហារបានបញ្ជាក់ថា ការបន្តបិទខ្ទប់ និងការកំណត់តំបន់ខាងលើ ជា«តំបន់ក្រហម» និងការដាក់ចេញបន្តការអនុវត្តន៍ វិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខេត្ត គឺក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្ត និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ព្រមទាំងធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ នៅក្នុង ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ខេត្តព្រះវិហារ នៅថ្ងៃទី២៦សីហា បានបន្តរកឃើញអ្នកឆ្លងថ្មី ១៣នាក់ និងជាសះស្បើយ ៣២នាក់ បន្ថែមទៀត ។ គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប ៩៥៧នាក់ ស្រី ៤៨៥នាក់ ជាសះស្បើយ ៥៨៤នាក់ ស្រី ៣០៤នាក់ ស្លាប់ ០៣នាក់ ស្រី ០១នាក់ និង កំពុងសម្រាកព្យាបាល ៣៧០នាក់ ស្រី ១៨០នាក់៕