លួចទូរដែកជាង១០ម៉ឺនដុល្លារ ត្រូវនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តព្រះសីហនុ បើកការស្រាវជ្រាវចាប់បានហើយ

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែក) មួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ១គ្រឿង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕ ប្រភព លោក ជួន ណារិន
