ខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ២៩នាក់បន្ថែមទៀត អ្នកជាសះស្បើយចំនួន ៤៨នាក់


ខេត្តរតនគិរី៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២៩នាក់ បន្ថែមទៀត ដែលបានរកឃើញ ក្នុងចំណោមមនុស្សចំនួន ៦២៣នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ព្រមទាំងអ្នកជាសះស្បើយចំនួន ៤៨នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ឬ មានអាករៈសង្ស័យដូចជា ក្អក ក្ដៅខ្លួន ហៀសំបោរ ពិបាក ដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ខេត្តរតនគិរី រកអ្នកវិជ្ជមានជំងីកូវីដ.១៩ សរុបចំនួន ១១៣៥នាក់ (ករណីDelta ចំនួន ១០នាក់) អ្នកជាសះស្បើយសរុបចំនួន ៨២៣នាក់ និងអ្នកស្លាប់ចំនួន ៨នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង