ឯកឧត្តម អ៊ាង សុផល្លែត ចុះសួរសុខទុក្ខកងទ័ពអាវស

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយថ្នាក់​ដឹក​នាំ​ក្រុមការងារ លោកអភិបាលស្រុក និងតំណាងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យ និងសួរ​សុខទុក្ខដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនៅតាមឃុំទាំង៧ និងមន្ទីរពេទ្យបង្អែកក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងបំពេញភារកិច្ចផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រយុទ្ធទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ-១៩នៅតាមមូលដ្ឋាន។

ឯកឧត្តម ប្រធានក្រុមការងារបានធ្វើការវាយតម្លៃខ្ពស់​ចំពោះក្រុមកងទ័ព​អាវស​ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងស្មារតី សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់​ថ្នាក់ ចូលរួមជាមួយមូលដ្ឋានក្នុងការអប់រំ បង្ការ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩បានល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសំដែងការរំលែកទុក្ខដល់ការបាត់បង់ជីវិតគ្រូពេទ្យម្នាក់​នៅខេត្ត​ព្រះសីហានុ ដោយសារជំងឺកូវីដ-១៩ ហើយនៅពេលនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការលះបង់​របស់​ក្រុមគ្រូពេទ្យទាំងអស់ ហើយផ្តល់ការលើកទឹកចិត្ត និងការពារសុខភាពក្រុមគ្រូពេទ្យជាចំបង។

ជាមួយគ្នានេះ ឯកឧត្តមបានអញ្ជើញនាំយកសម្ភារបង្ការជំងឺកូវីដ-១៩ រួមមាន ម៉ាស់ អាកុល និងថ្នាំពេទ្យ និងជូនថវិការបន្ថែម​មួយ​ចំនួនដល់ក្រុមគ្រូពេទ្យ ដើម្បីរួមចំណែកជាមួយរដ្ឋបាលស្រុកអូររាំងឪ ស្របតាមការណែនាំ​របស់រាជ​រដ្ឋា​ភិ​បាល ក្នុងការត្រៀមបម្រុងសម្រាប់ការពារសុខភាពផ្ទាល់ខ្លួននិងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ ជួបការលំបាក ដែល​រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យពង្រឹងការថែ​រក្សា​សុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់​សម្តេចប្រមុខ​រាជ​រដ្ឋា​ភិបាល គឺ៣ការពារ និង៣កុំ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីជៀស​ផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង